×

UNDP ថា ការអនុវត្ត​វិធានការ​គាំពារ​សង្គម​របស់​រាជរដ្ឋាភិបាល បានជួយ​កាត់បន្ថយ​ផលប៉ះពាល់​ធ្ងន់ធ្ងរ​លើ​ភាពក្រីក្រ​នៅ​កម្ពុជា

ភ្នំពេញ៖ កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) បានរៀបចំកិច្ចពិភាក្សាថ្នាក់តំបន់តាមប្រព័ន្ធអនឡាញមួយ ដើម្បីពិភាក្សាពីបទពិសោធន៍សំខាន់ៗ ដែលទទួលបានពីការអនុវត្តវិធានការគាំពារសង្គម ក្នុងអំឡុងពេលប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដើម្បីផ្តល់ការឧបត្ថម្ភគាំទ្រដល់ប្រជាពលរដ្ឋក្រីក្រ និងស្តារសេដ្ឋកិច្ចឡើងវិញ។

យោងតាមសេចក្តីប្រកាសព័ត៌មាន នៅថ្ងៃទី៣ ខែមិថុនានេះ បានឱ្យដឹងថា ចាប់តាំងពីខែកក្កដា ឆ្នាំ២០២០មក រាជរដ្ឋាភិបាលកម្ពុជា បានអនុវត្តវិធានការចំនួន ៧ជុំ នៃកម្មវិធីឧបត្តម្ភសាច់ប្រាក់ ដើម្បីសម្រាលផលប៉ះពាល់ផ្នែកសង្គមសេដ្ឋកិច្ច ដែលបង្កឡើងដោយសារការរាតត្បាតជាសកលនៃជំងឺកូវីដ-១៩។ ក្នុងចំណោមវិធានការទាំងនេះ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ឲ្យអនុវត្តនូវកម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់គ្រួសារក្រីក្រ និងងាយរងគ្រោះជាងគេបំផុតប្រមាណ ៧០០ ០០០ គ្រួសារ ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរជាងគេដោយសារការរាតត្បាតជាសកលនេះ។
ប្រសិនបើពុំមានអន្តរាគមន៍ក្នុងទម្រង់ជាកម្មវិធីឧបត្តម្ភសាច់ប្រាក់ទេ, UNDP បានប៉ាន់ប្រមាណថា សេដ្ឋកិច្ចនឹងថយចុះ -៤,១% ហើយអត្រានៃភាពក្រីក្រនឹងអាចមានការកើនឡើងយ៉ាងច្រើន ប្រហែល ២ ដង ដល់ ១៧,៦% ក្នុងឆ្នាំ ២០២០។ ប៉ុន្តែ ដោយសារតែមានការអនុវត្តវិធានការគាំពារសង្គមដែលឆ្លើយតបបានទាន់ពេលវេលា គេព្យាករថា មានផលប៉ះពាល់មិនសូវធ្ងន់ធ្ងរលើភាពក្រីក្រ ហើយកំណើនសេដ្ឋកិច្ចនឹងកើនឡើងវិញប្រមាណ ៤% ក្នុងឆ្នាំ ២០២១។
លោក សំហេង បុរស រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា មានប្រសាសន៍ថា “នេះជាលើកទី ១ នៅក្នុងប្រវត្តិសាស្ត្រកម្ពុជា ដែលមានការអនុវត្តកិច្ចគាំពារសង្គមក្នុងវិសាលភាពកម្រិតនេះ។ កិច្ចគាំពារសង្គមនេះ ឈរលើគោលការណ៍សមធម៌ សមភាព និងប្រសិទ្ធផល។ តាមរយៈកិច្ចសហការក្នុងភាពជាដៃគូជាមួយនឹងដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធនានា រាជរដ្ឋាភិបាលកម្ពុជាបានប្រើប្រាស់ថវិកាបម្រុងរបស់យើង ដើម្បីផ្តល់ជំនួយទាន់ពេលវេលាដល់ប្រជាពលរដ្ឋដែលជួបការខ្វះខាត ជាពិសេស ប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះ។ វិធានការគាំពារសង្គមបន្ថែមទៀត កំពុងត្រូវបានដាក់ឲ្យអនុវត្ត ដើម្បីផ្តល់ការឧបត្ថម្ភដល់គ្រួសាររងផលប៉ះពាល់ ដែលរស់នៅក្នុងតំបន់បិទខ្ទប់។”

 

បញ្ហាប្រឈមធំៗបានលេចឡើងក្នុងកំឡុងពេលឆ្លើយតបនឹងវិបត្តិជំងឺកូវីដ-១៩ ដែលចាប់ផ្តើមកាលពីចុងខែមករា។ ការបិទខ្ទប់ និងការបង្កើត «តំបន់ក្រហម» ដែលអនុវត្តឡើងដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ បានបង្កើតបញ្ហាប្រឈមដល់ក្រុមងាយរងគ្រោះមួយចំនួន។ ជាការចាំបាច់បំផុតដែលយើងត្រូវដោះស្រាយបញ្ហាទាំងនេះជាបន្ទាន់ ហើយធានាថាការរឹតត្បឹតការធ្វើដំណើរត្រូវតែអនុវត្តដោយផ្អែកលើការការពារសិទ្ធិ និងសុខុមាលភាពនៃក្រុមងាយរងគ្រោះជាងគេ រួមជាមួយនឹងវិធានការទប់ស្កាត់នឹងការរាតត្បាតប្រកបដោយប្រសិទ្ធភាព។ UNDP និងដៃគូអភិវឌ្ឍន៍ដទៃទៀត បានកំពុងគាំទ្ររដ្ឋាភិបាលក្នុងការស្វែងរកដំណោះស្រាយ។
លោកស្រី Kanni Wignaraja នាយិកា UNDP ប្រចាំការិយាល័យតំបន់អាស៊ី និងប៉ាស៊ីហ្វិក មានប្រសាសន៍ថា “កិច្ចគាំពារសង្គម ដំបូងបង្អស់គឺជាការវិនិយោគលើប្រជាពលរដ្ឋ។ ខណៈពេលដែលយើងទាំងអស់គ្នាកំពុងប្រឈមនឹងវីរុសកូវីដ-១៩ បំប្លែងខ្លួនថ្មីៗ យើងចាំបាច់ត្រូវរិះរកវិធីថ្មីៗ ដើម្បីទប់ស្កាត់ការឆ្លងរាលដដាលនេះផង និងការពារក្រុមដែលងាយរងគ្រោះជាងគេផង។ កិច្ចគាំពារសង្គម មានសារសំខាន់ក្នុងការធានាឲ្យបាននូវសុខុមាលភាពរបស់ប្រជាពលរដ្ឋងាយរងគ្រោះជាងគេ ក៏ដូចជាជួយគាំទ្រដល់កម្ពុជាក្នុងការផ្លាស់ប្តូរមកក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់។”

UNDP បានបំពេញតួនាទីយ៉ាងសំខាន់ក្នុងដំណើរនេះ តាមរយៈការសហការជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងដៃគូអភិវឌ្ឍន៍ដទៃទៀត ក្នុងការកសាងប្រព័ន្ធគាំពារសង្គមឲ្យកាន់តែរឹងមាំសម្រាប់កម្ពុជា ដើម្បីឲ្យប្រទេសកាន់តែធន់ទៅនឹងវិបត្តិនានា ដូចជាវិបត្តិកូវីដ-១៩នេះជាដើម។ ជាមួយនឹងការឧបត្ថម្ភថវិកាពីរដ្ឋាភិបាលអូស្ត្រាលី UNDP បានផ្តល់ជូនក្រសួងផែនការ នូវឧបករណ៍ថាប្លេតប្រមាណ ១ ៧០០ គ្រឿង សុសវែរ (software) និងការបណ្ដុះបណ្ដាលដល់មន្ត្រីដែលត្រូវចុះប្រមូលទិន្នន័យនៅតាមមូលដ្ឋាន ដើម្បីឲ្យពួកគេអាចចុះឈ្មោះពលរដ្ឋដែលទើបតែធ្លាក់ចូលទៅក្នុងភាពក្រីក្រដោយសារឱនភាពសេដ្ឋកិច្ច បានយ៉ាងលឿន៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង