ឥណ្ឌា៖ ផលប៉ះពាល់នៃការឆ្លងរីករាលដាលរបស់វីរុសកូវីដ-១៩ និងភ្លៀងធ្លាក់មិនគ្រប់គ្រាន់ដែលអូសបន្លាយពេលយូរ បានជះឥទ្ធិពលយ៉ាងខ្លាំងដល់តំបន់ដាំដុះតែធំជាងគេបំផុតរបស់ឥណ្ឌាក្នុងរដ្ឋអាសាម (Assam) ដោយបានបណ្តាលឱ្យមានការខាតបង់នៅក្នុងឧស្សាហកម្មផលិតកម្មតែ និងបានកាត់បន្ថយប្រាក់ចំណូលយ៉ាងច្រេីនរបស់កសិករក្នុងតំបន់នេះ។
ស្ថិតក្នុងភាគឦសាននៃប្រទេសឥណ្ឌា ផលិតកម្មតែនៅក្នុងរដ្ឋអាសាម (Assam) ត្រូវបានកាត់បន្ថយប្រហែល ៤០%នៅចន្លោះខែមករា និង ឧសភា ក្នុងឆ្នាំនេះ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៩ ដោយទិន្នផលតែមានបរិមាណតិចជាងមុនប្រហែល ៦០លានគីឡូក្រាម។
រដ្ឋអាសាម (Assam) ត្រូវបានប៉ាន់ស្មានថា មានចម្ការតែប្រមាណ ៨៥០កន្លែងដែលបានផ្ដល់ការងារដល់កម្មករប្រហែល ៦០ម៉ឺននាក់។ ប៉ុន្តែការឆ្លងរីករាលដាលរបស់វីរុសកូវីដ-១៩ រួមនិងភាពរាំងស្ងួតដែលអូសបន្លាយពេលយូរបានធ្វើឱ្យការងារទាក់ទងនឹងផ្នែកនេះជាច្រេីនប្រឈមនឹងហានិភ័យ។
យោងតាមប្រធានក្រុមប្រឹក្សាភិបាលដំណាំតែរបស់ឥណ្ឌា ភ្លៀងធ្លាក់ជាមធ្យមនៅក្នុងរដ្ឋអាសាម (Assam) ក្នុងរយៈពេល ៥ខែដំបូងក្នុងឆ្នាំនេះ មានបរិមាណប្រហែលតែមួយភាគបីប៉ុណ្ណោះនៃបរិមាណទឹកភ្លៀងក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ស្របពេលជាមួយគ្នានេះ ការឆ្លងរីករាលដាលរបស់វីរុសកូវីដ-១៩ ក្នុងពេលថ្មីៗនេះនៅក្នុងប្រទេសឥណ្ឌាបានជំរុញឲ្យមានការខ្វះខាតកម្លាំងពលកម្មយ៉ាងខ្លាំងដោយអ្នកគ្រប់គ្រងចំការតែក្នុងតំបន់បាននិយាយថា កម្មករជាច្រើនលែងហ៊ានចេញមកចំការតែដេីម្បីបេះស្លឹកតែទៀតហេីយដោយសារបារម្ភខ្លាចឆ្លងវីរុសកូវីដ-១៩។
បញ្ហានៃការដឹកជញ្ជូនផលិតផលតែដោយសុវត្ថិភាពគឺជាបញ្ហាមួយផ្សេងទៀតដែលឧស្សាហកម្មនេះកំពុងប្រឈមមុខក្នុងកំឡុងពេលមានវិបត្តិនៃការឆ្លងរីករាលដាលរបស់វីរុសកូវីដ-១៩ នាពេលបច្ចុប្បន្ននេះ។
វិធានការបិទខ្ទប់ប្រទេសដែលត្រូវបានដាក់ឲ្យអនុវត្តជាលើកដំបូងកាលពីចុងខែមីនា ឆ្នាំមុននោះបានធ្វេីឱ្យមានការផ្អាកសេវាដឹកជញ្ជូនដែលនេះបានធ្វេីឱ្យក្រុមហ៊ុនចំការតែជួបការលំបាកក្នុងការដឹកជញ្ជូនផលិតផលរបស់ពួកគេ៕