×

ស្វីស គ្រោង​នឹង​ផ្តល់​ហិរញ្ញប្បទាន​ឥតសំណង​សរុប​ប្រមាណ ៥២លាន​ដុល្លារ ដល់​កម្ពុជា

អត្ថបទ៖ ចេង ឆហួត

ភ្នំពេញ៖ យោងតាមប្រព័ន្ធទិន្នន័យហិរញ្ញប្បទានសហប្រតិបត្តិការកម្ពុជា ចន្លោះឆ្នាំ២០០២-២០២០ ភាគីស្វីសបានបើកផ្តល់ហិរញ្ញប្បទានឥតសំណងសរុបប្រមាណ ១៤២លានដុល្លារ ដើម្បីគាំទ្រការអនុវត្តគម្រោងអភិវឌ្ឍន៍នានានៅកម្ពុជា។ តាមរយៈកម្មវិធីសហប្រតិបត្តិការស្វីស សម្រាប់តំបន់មេគង្គឆ្នាំ២០២២-២០២៥ ថ្មីនេះ ភាគីស្វីស គ្រោងនឹងផ្តល់ហិរញ្ញប្បទានឥតសំណងសរុបប្រមាណ ១៣៣លានហ្រ្វង់ស្វីស សមមូលនឹង ១៤៨លានដុល្លារ  ដោយបែងចែកជា ២កម្រិត គឺកម្រិតប្រទេស (សម្រាប់កម្ពុជា និងឡាវ) និងកម្រិតតំបន់។

ក្នុងនោះ ភាគីស្វីស គ្រោងនឹងផ្តល់ហិរញ្ញប្បទានឥតសំណងសរុបប្រមាណ ៥២លានដុល្លារ សម្រាប់រយៈពេល ៤ ឆ្នាំ២០២២-២០២៥ ឬ ប្រមាណ ១៣លានដុល្លារ ក្នុងមួយឆ្នាំ ដើម្បីគាំទ្រការអនុវត្តកម្មវិធីសហប្រតិបត្តិការថ្មីនេះនៅកម្ពុជា។

ការប្រកាសផ្តល់ហិរញ្ញប្បទានឥតសំណងនេះ គឺនៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១ នៅក្នុងកិច្ចពិគ្រោះយោបល់រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសហព័ន្ធស្វីស លើសេចក្តីព្រាងកម្មវិធីសហ-ប្រតិបត្តិការស្វីស សម្រាប់តំបន់មេគង្គ ឆ្នាំ២០២២-២០២៥ ត្រូវបានរៀបចំឡើងតាមរយៈប្រព័ន្ធបញ្ជូនរូបភាព និងសម្លេង (Video Conference)។

ភាគីកម្ពុជា ដឹកនាំដោយលោក ឈៀង យ៉ាណារ៉ា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី អគ្គលេខាធិការគណៈកម្មាធិការនីតិសម្បទា និងអភិវឌ្ឍន៍កម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និង ភាគីស្វីស ដឹកនាំដោយលោក ម៉ាកឃឹស ប៊ឺលី នាយកទីភា្នក់ងារស្វីសសម្រាប់កិច្ចអភិវឌ្ឍន៍ និងសហប្រតិបត្តិការ (SDC) ប្រចាំនៅកម្ពុជា។

គោលដៅចម្បងនៃកិច្ចពិគ្រោះយោបល់នេះ គឺដើម្បីពិភាក្សា និងប្រមូលធាតុចូល ក៏ដូចជាអនុសាសន៍ ពីក្រសួង-សា្ថប័នពាក់ព័ន្ធ លើសេចក្តីព្រាងកម្មវិធីសហប្រតិបត្តិការស្វីសសម្រាប់តំបន់មេគង្គឆ្នាំ២០២២-២០២៥ (សម្រាប់ប្រទេសកម្ពុជា និងឡាវ) ដោយផ្តោតចម្បងលើកម្មវិធីសហប្រតិបត្តិការរបស់ស្វីសសម្រាប់កម្ពុជា ក្នុងរយៈពេល ៤ឆ្នាំខាងមុខ។

ទន្ទឹមនឹងនេះ កិច្ចពិគ្រោះយោបល់ ក៏បានពិនិត្យវឌ្ឍនភាពនៃការអនុវត្តយុទ្ធសាស្រ្ត ស្តីពីកិច្ចសហប្រតិបត្តិការស្វីសសម្រាប់កម្ពុជា ក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការតំបន់មេគង្គ ឆ្នាំ២០១៨-២០២១ ដែលបានគាំទ្រដល់វិស័យអាទិភាពចំនួន ៣ រួមមាន ៖ ១) វិស័យកសិកម្ម និងសន្តិសុខស្បៀង, ២) វិស័យអភិបាលកិច្ច និងការចូលរួមរបស់ប្រជាពលរដ្ឋ និង ៣) ការអភិវឌ្ឍជំនាញវិជា្ជជីវៈ និងការបង្កើតការងារ។

ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះ វឌ្ឍនភាពសម្រេចបានកន្លងមកនៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ទ្វេភាគី ព្រមទាំងបានឯកភាពជាគោលការណ៍ កំណត់យកវិស័យអាទិភាពចំនួន ៣ សម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគីសម្រាប់រយៈពេល ៤ ឆ្នាំ២០២២-២០២៥ រួមមាន ៖ ១) វិស័យអភិបាលកិច្ច និងការចូលរួមរបស់ប្រជាពលរដ្ឋ (គាំទ្រដល់មន្ទីរពេទ្យគន្ធបុបា្ផ, លើកកម្ពស់ការផ្តល់សេវាសាធារណៈ, ផែនការអនុវត្តគណនេយ្យភាពសង្គម, ការទទួលបានព័ត៌មាន និងការចូលរួមរបស់យុវជន) ២) ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយបរិយាប័ន្ន  (គាំទ្រដល់ការអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ និងការងារសមរម្យសម្រាប់យុវជន) និង ៣) ការប្រែប្រួលអាកាសធាតុ និងការគ្រប់គ្រងធនធានធម្មជាតិ (គាំទ្រដល់ខ្សែសង្វាក់តម្លៃដំណាំសាកវប្បកម្ម, ការរំដោះគ្រាប់មីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះសម្រាប់ធ្វើកសិកម្ម, សហគមន៍ នេសាទ និងព្រៃឈើ, កសិកម្មធន់នឹងការប្រែប្រួលអាកាសធាតុ និងការគ្រប់គ្រងទឹកសម្រាប់កសិកម្ម និងការប្រើប្រាស់ព្រៃឈើប្រកបដោយចីរភាព)៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង