នៅពេលសង្រ្គាមលោកលើកទី១ ផ្ទុះឡើងនៅទ្វីបអឺរ៉ុប ប្រធានាធិបតី Woodrow Wilsonនៅថ្ងៃទី៤ ខែសីហា ឆ្នាំ១៩១៤ បានប្រកាសជាផ្លូវការអំពីអព្យាក្រឹតភាពរបស់សហរដ្ឋអាមេរិក ដែលជាជំហរត្រូវបានប្រជាជនអាមេរិកភាគច្រើនពេញចិត្តនិងគាំទ្រ។
ក្តីសង្ឃឹមដំបូងរបស់ Wilson គឺចង់ឱ្យអាមេរិច មិនលំអៀងទាំងគំនិតទាំងសកម្មភាពរបស់ខ្លួន។ ចក្រភពអង់គ្លេស គឺជាដៃគូពាណិជ្ជកម្មសំខាន់បំផុតរបស់អាមេរិក ហើយភាពតានតឹងបានកើតឡើងរវាងសហរដ្ឋអាមេរិក និងអាល្លឺម៉ង់ នៅពេលដែលកប៉ាល់អាមេរិកជាច្រើនគ្រឿង ដែលបានធ្វើដំណើរទៅចក្រភពអង់គ្លេស ត្រូវបានរងការខូចខាត ឬលិច ដោយសារមីនក្នុងទឹករបស់អាល្លឺម៉ង់។
នៅខែកុម្ភៈ ឆ្នាំ១៩១៥ អាល្លឺម៉ង់ បានប្រកាសសង្គ្រាមគ្មានដែនកំណត់ ប្រឆាំងនឹងកប៉ាល់ទាំងអស់ ទោះជារបស់ប្រទេសអព្យាក្រឹតក៏ដោយ ដែលបានចូលក្នុងតំបន់សង្គ្រាម នៅជុំវិញចក្រភពអង់គ្លេស។ មួយខែក្រោយមក អាល្លឺម៉ង់បានប្រកាសថា នាវាចម្បាំងអាល្លឺម៉ង់មួយគ្រឿង បានបាញ់ពន្លិចនាវា William P. Frye ដែលជានាវាអាមេរិកឯកជនមួយគ្រឿងកំពុងដឹកគ្រាប់ធញ្ញជាតិទៅកាន់ប្រទេសអង់គ្លេស បន្ទាប់ពីនាវាបានបាត់ខ្លួន។ ប្រធានាធិបតី Wilson មានការខឹងយ៉ាងខ្លាំង ប៉ុន្តែរដ្ឋាភិបាលអាល្លឺម៉ង់ បានសុំទោស និងហៅការវាយប្រហារនេះថាជាកំហុសដ៏អកុសល្យមួយ។
នៅដើមខែឧសភា ឆ្នាំ១៩១៥ កាសែតញូវយ៉កជាច្រើន បានបោះពុម្ពការព្រមានមួយ ដោយស្ថានទូតអាល្លឺម៉ង់ នៅវ៉ាស៊ីនតោន ថា ជនជាតិអាមេរិកដែលធ្វើដំណើរតាមនាវាអង់គ្លេស ឬសម្ព័ន្ធមិត្តនៅក្នុងតំបន់សង្គ្រាម អាចបង្កគ្រោះថ្នាក់ដល់ខ្លួនឯង។ ការប្រកាសនេះ ត្រូវបានដាក់នៅលើទំព័រតែមួយ ជាមួយការផ្សាយពាណិជ្ជកម្មសម្រាប់ការធ្វើដំណើរតាមនាវា Lusitania ដែលជាកម្មសិទ្ធិរបស់ចក្រភពអង់គ្លេស ពីទីក្រុងញូវយ៉កទៅកាន់ទីក្រុងលីវើភូល។ នៅថ្ងៃទី៧ ខែឧសភា នាវា Lusitania ត្រូវបានកម្ទេចដោយគ្រាប់មីស៊ីលក្នុងទឹក ដោយគ្មានការព្រមានពីនាវាមុជទឹកអាល្លឺម៉ង់នៅជិតឆ្នេរសមុទ្រអៀរឡង់។ ក្នុងចំណោមអ្នកដំណើរជិត ២.០០០ នាក់ មាន ១.២០១ នាក់បានស្លាប់ ក្នុងនោះមានជនជាតិអាមេរិក ១២៨ នាក់។ វាត្រូវបានគេរកឃើញថា នាវា Lusitania បានដឹកអាវុធយុទ្ធភណ្ឌប្រហែល ១៧៣ តោនសម្រាប់ចក្រភពអង់គ្លេស។
នៅខែវិច្ឆិកា ទូក១គ្រឿងរបស់ក្រុមហ៊ុនអ៊ីតាលី បានលិច ដោយគ្មានការព្រមាន ដោយបានសម្លាប់មនុស្ស ២៧២ នាក់ក្នុងនោះមានជនជាតិអាមេរិក ២៧ នាក់។
នៅចុងខែមីនា អាល្លឺម៉ង់ បានបាញ់ពន្លិចនាវាពាណិជ្ជកម្មអាមេរិកចំនួន ៤ គ្រឿងបន្ថែមទៀត ហើយនៅថ្ងៃទី២ ខែមេសា ប្រធានាធិបតី Wilson បានបង្ហាញខ្លួននៅចំពោះមុខសភា ហើយបានអំពាវនាវឱ្យមានការប្រកាសសង្គ្រាមប្រឆាំងនឹងអាល្លឺម៉ង់។ នៅថ្ងៃទី៤ ខែមេសា ព្រឹទ្ធសភាបានបោះឆ្នោត ៨២ ទល់នឹង ៦ ដើម្បីប្រកាសសង្គ្រាមប្រឆាំងអាល្លឺម៉ង់។ ពីរថ្ងៃក្រោយមក សភាតំណាងរាស្រ្ត បានគាំទ្រសេចក្តីប្រកាសនេះ ដោយសំឡេង ៣៧៣ ទល់នឹង ៥០ ហើយអាមេរិក បានចូលសង្គ្រាមលោកលើកទី១ ជាផ្លូវការ៕