×

រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល ព្រមាន​បណ្ដា​គ្លីនិក​ដែល​មិន​ទទួល​ព្យាបាល​អ្នកជំងឺ នឹង​ត្រូវ​ប្រឈម​មុខ​បិទទ្វារ

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានណែនាំដល់បណ្ដាមន្ទីរពេទ្យថ្នាក់ជាតិ និងសេវាសុខាភិបាលឯកជន ត្រូវទទួលព្យាបាលអ្នកជំងឺមានសភាពធ្ងន់ធ្ងរ និងអ្នកជំងឺដែលធ្វើតេស្តឃើញវិជ្ជមានកូវីដ១៩ ហើយក្នុងករណីសេវាសុខាភិបាលឯកជន មិនទទួលព្យាបាលទេ នោះនឹងប្រឈមការបិទទ្វារតែម្ដង។

លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានមានប្រសាសន៍រំឭកថា រយៈកាលកន្លងមកនេះ មានបាតុភាពបានកើតឡើងជារឿយៗ ដែលអ្នកជំងឺមានសភាពធ្ងន់ធ្ងរ បានទៅរកកន្លែងព្យាបាលនៅតាមសេវាសាធារណៈ (មន្ទីរពេទ្យរដ្ឋ និងសេវាសុខាភិបាលឯកជន គ្លីនិកឯកជន) បែរជាមិនទទួលយកពួកគាត់ ដែលធ្វើឱ្យជះឥទ្ធិពលមិនល្អមកលើក្រសួងសុខាភិបាល និងសេចក្ដីថ្លៃថ្នូររបស់គ្រូពេទ្យ។

រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានណែនាំដល់មន្ទីរពេទ្យជាតិ និងមជ្ឈមណ្ឌលជាតិ ត្រូវតែប្រកាន់យកគោលការណ៍ទទួលសង្គ្រោះ ព្យាបាលអ្នកជំងឺជាដាច់ខាត ដោយអាចប្រើប្រាស់តេស្ករហ័សរកអង់ទីហ្សែនកូវីដ១៩ ក្នុងការញែកអ្នកជំងឺកូវីដ១៩។ ក្នុងករណីដែលធ្វើតេស្តទៅឃើញអវិជ្ជមានកូវីដ១៩ ត្រូវបញ្ជូនអ្នកជំងឺទៅព្យាបាលតាមផ្នែក និងតាមបច្ចេកទេសព្យាបាលធម្មតា និងក្នុងករណីធ្វើតេស្តទៅឃើញវិជ្ជមានកូវីដ១៩ ត្រូវបញ្ជូនអ្នកជំងឺទៅបន្ទប់ដាច់ដោយឡែកសម្រាប់ព្យាបាលអ្នកជំងឺកូវីដ១៩។

លោក ម៉ម ប៊ុនហេង បន្តថា ចំពោះមន្ទីរពេទ្យបង្អែករាជធានី ខេត្ត ស្រុក ខណ្ឌ និងមណ្ឌលសុខភាព ក៏ត្រូវតែប្រកាន់យកគោលការណ៍ទទួល សង្គ្រោះ ព្យាបាលអ្នកជំងឺជាដាច់ខាត ដោយអាចប្រើប្រាស់តេស្ករហ័សរកអង់ទីហ្សែនកូវីដ១៩ ក្នុងការញែកអ្នកជំងឺ កូវីដ១៩។

លោក ម៉ម ប៊ុនហេង លើកឡើងថា ចំពោះមូលដ្ឋានសេវាសុខាភិបាលឯកជន (មន្ទីរពេទ្យ មន្ទីរពហុព្យាបាល មន្ទីរសម្រាកព្យាបាល និងមន្ទីរសម្ភព) ត្រូវតែប្រកាន់យកគោលការណ៍ទទួលសង្គ្រោះ ព្យាបាលអ្នកជំងឺជាដាច់ខាត ដោយអាចប្រើប្រាស់តេស្ករហ័សរកអង់ទីហ្សែនកូវីដ១៩ ក្នុងការញែកអ្នកជំងឺកូវីដ១៩ បើសង្ស័យថាអ្នកជំងឺមានជំងឺកូវីដ១៩។ ក្នុងករណីធ្វើតេស្តទៅ ឃើញអវិជ្ជមានកូវីដ១៩ ត្រូវទទួលយកអ្នកជំងឺព្យាបាលធម្មតា ទៅតាមបច្ចេកទេសព្យាបាល និងក្នុងករណីធ្វើតេស្ត ទៅឃើញវិជ្ជមានកូវីដ១៩ ត្រូវដាក់អ្នកជំងឺក្នុងបន្ទប់ព្យាបាលដាច់ដោយឡែកសម្រាប់ព្យាបាលអ្នកជំងឺកូវីដ១៩ (ប្រសិនបើមានការអនុញ្ញាតឱ្យព្យាបាលអ្នកជំងឺកូវីដ១៩ ពីក្រសួងសុខាភិបាល) និងបញ្ជូនទៅមណ្ឌលព្យាបាល អ្នកជំងឺកូវីដ១៩ ឬមន្ទីរពេទ្យរដ្ឋ ដែលមានព្យាបាលអ្នកជំងឺកូវីដ១៩ (ប្រសិនបើពុំមានការអនុញ្ញាតឱ្យព្យាបាលជំងឺកូវីដ១៩ ពីក្រសួងសុខាភិបាល)។

រដ្ឋមន្រ្តីក្រសួងសុខាភិបាល ព្រមានថា ក្នុងករណីដែលម្ចាស់មូលដ្ឋានសេវាសុខាភិបាលឯកជនណា ដែលមិនអនុវត្ត តាមការណែនាំនេះ ក្រសួងសុខាភិបាល នឹងមានវិធានការបិទមូលដ្ឋានសេវាសុខាភិបាលឯកជននោះ មិនអនុញ្ញាត ឱ្យទទួលព្យាបាលអ្នកជំងឺតទៅទៀតឡើយ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង