វៀតណាម៖ ក្រសួងហិរញ្ញវត្ថុ នៃប្រទេសវៀតណាម នឹងកាត់បន្ថយថ្លៃចុះបញ្ជីសម្រាប់រថយន្តអគ្គិសនី ៥០% នៃរថយន្តសាំង ដើម្បីលើកទឹកចិត្តដល់ការប្រើប្រាស់រថយន្តអគ្គិសនី។
បច្ចុប្បន្ន ថ្លៃចុះបញ្ជីសម្រាប់រថយន្តតិចជាង ៩កៅអី គឺ ១០-១៥ ភាគរយនៃតម្លៃរថយន្ត អាស្រ័យទៅតាមតំបន់នៅក្នុងប្រទេស ហើយក្រសួងហិរញ្ញវត្ថុវៀតណាម ចង់ឱ្យថ្លៃចុះបញ្ជីសម្រាប់រថយន្តអគ្គិសនី នៅសល់ត្រឹមតែ ៥-៧,៥ ភាគរយប៉ុណ្ណោះ ហើយអត្រានេះ នឹងត្រូវអនុវត្តក្នុងរយៈពេល ៥ឆ្នាំ។
កាលពីខែឧសភា ក្រុមហ៊ុន Vingroup ដែលជាក្រុមហ៊ុនធំជាងគេរបស់វៀតណាម បានអំពាវនាវឱ្យមានការលើកទឹកចិត្តទាក់ទងនឹង ពន្ធនិងថ្លៃសេវាសាធារណៈ ខណៈខ្លួនត្រៀមចាប់ផ្តើមលក់រថយន្តអគ្គិសនីនៅឆ្នាំ២០២១នេះ។
ក្រុមហ៊ុន VinFast ដែលជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីក្នុងស្រុកតែមួយគត់របស់វៀតណាម មានសមត្ថភាពផលិតប្រចាំឆ្នាំ ចំនួន ២៥០.០០០ គ្រឿង។
រថយន្តអគ្គសនីដំបូងបង្អស់របស់ក្រុមហ៊ុននេះ មានតម្លៃចាប់ពី ៥៩០ លានដុង (២៥.៧០០ ដុល្លារ) នឹងត្រូវដាក់លក់នៅខែវិច្ឆិកាខាងមុខ៕
ប្រភព៖ Vietnam Express