វៀតណាម៖ អាជ្ញាធរទីក្រុងហាណូយ នឹងប្រមូលសំណាកប្រជាជនប្រមាណ ៣,៣ លានសំណាកសម្រាប់ធ្វើតេស្តរកមេរោគកូវីដ១៩ ដើម្បីទប់ស្កាត់ការផ្ទុះឡើងនៃជំងឺនេះ នៅមុនថ្ងៃទី២៥ ខែសីហា តាមការណែនាំរបស់រដ្ឋាភិបាល។
គណៈកម្មាធិការប្រជាជនក្រុងហាណូយ បានឱ្យដឹងថា គិតត្រឹមថ្ងៃទី១៧ ខែសីហា រដ្ឋធានីនេះ នឹងអាចប្រមូលសំណាកបានចំនួន ១,៣ លានសំណាកសម្រាប់តេស្ត PCR ពីប្រជាពលរដ្ឋគ្រប់រូប នៅតំបន់ដែលមានហានិភ័យខ្ពស់ ដូចជា ទីផ្សារ និង រោងចក្រ។
រដ្ឋធានីនេះ ក៏នឹងធ្វើតេស្តរកមេរោគកូវីដ១៩ ដោយឧបករណ៍តេស្តរហ័សលើសំណាកប្រជាជនប្រហែល ២ លានទៀតផងដែរ ពីតំបន់ដែលមានហានិភ័យខ្ពស់។ អ្នកដែលត្រូវធ្វើតេស្ត គឺ បុគ្គលិកសុខាភិបាល អ្នកបើកបរ អ្នកដឹកជញ្ជូន និងសន្តិសុខ។
នៅតំបន់មានហានិភ័យទាប គ្រួសារនីមួយៗនឹងបញ្ជូនសមាជិកម្នាក់ប៉ុណ្ណោះទៅធ្វើតេស្តរកមេរោគកូវីដ១៩។ សមាជិកនោះ គឺជាអ្នកដែលបានទាក់ទងជាមួយមនុស្សជាច្រើន។
ទីក្រុងហាណូយ ដែលមានប្រជាជនចំនួន ៨,៤ លាននាក់ បានបង្កើនសមត្ថភាពធ្វើតេស្តរកមេរោគកូវីដ១៩ ដល់ជាង ២០០.០០០ សំណាកក្នុងមួយថ្ងៃ។ រដ្ឋាភិបាលវៀតណាម បានបញ្ជូនបុគ្គលិកសុខាភិបាល នគរបាល និងកងទ័ព ដើម្បីជួយក្នុងការធ្វើតេស្តនេះផងដែរ។ មន្ទីរសុខាភិបាល បាននិយាយថា យុទ្ធនាការធ្វើតេស្តរកមេរោគកូវីដ១៩នេះ នឹងក្លាយជាយុទ្ធនាការទ្រង់ទ្រាយធំមិនធ្លាប់មានឡើយ។
សូមជម្រាបថា ប៉ុន្មានថ្ងៃចុងក្រោយនេះ ទីក្រុងហាណូយ បានកត់ត្រាករណីថ្មីប្រហែល ៦០-៨០ ករណីក្នុងមួយថ្ងៃ ដែលរកឃើញឆ្លងក្នុងសហគមន៍ជាច្រើន។
អាជ្ញាធរ បានដាក់ការរឹតបន្តឹងនៅទីក្រុងហាណូយ រហូតដល់ថ្ងៃទី២៣ ខែសីហា ដើម្បីទប់ស្កាត់ការរីករាលដាលមេរោគកូវីដ១៩ ពិសេសប្រភេទដែលតា។ ទីក្រុងនេះ បានកត់ត្រាករណីកូវីដ១៩ថ្មី ដែលឆ្លងក្នុងសហគមន៍ចំនួន ២.១៨២ ករណី ចាប់តាំងពីរលកថ្មីទី៤ បានវាយប្រហារប្រទេសវៀតណាមកាលពីចុងខែមេសា៕
ប្រភព៖ Vietnam Express