សន្ទស្សន៍វិទ្យុសកម្មកាំរស្មីយូវី ឬ UVI គឺជាការវាស់កម្រិតកាំរស្មីយូវី។ តម្លៃនៃសន្ទស្សន៍ មានចាប់ពីសូន្យឡើងទៅ ហើយតម្លៃកាន់តែខ្ពស់ ការបង្កឱ្យខូចខាតស្បែក និងភ្នែកកាន់តែខ្លាំង ក្នុងរយៈពេលខ្លី។ UVI ជាការជូនដំណឹងដល់ប្រជាជន ឱ្យមានការប្រុងប្រយ័ត្ន និងការពារខ្លួនពីកម្ដៅថ្ងៃ។
ការកើនឡើងគួរឱ្យកត់សម្គាល់ នៃអត្រាកើតជំងឺមហារីកស្បែកចំពោះប្រជាជននៅទូទាំងពិភពលោក ត្រូវបានផ្សារភ្ជាប់យ៉ាងខ្លាំងជាមួយនឹងការប៉ះពាល់កាំរស្មីយូវីច្រើនពេក ពីព្រះអាទិត្យ។ ព័ស្តុតាងបច្ចុប្បន្នបង្ហាញថា ការប៉ះពាល់នឹងកម្តៅព្រះអាទិត្យ គឺជាកត្តាហានិភ័យបំផុតចំពោះការខូចខាតបង្កដោយកាំរស្មីយូវី។
សន្ទស្សន៍កាំរស្មីយូវី គឺជាការព្រមានជាសាធារណៈ អំពីហានិភ័យនៃការប៉ះពាល់ដោយវិទ្យុសកម្មកាំរស្មីយូវី និងការជូនដំណឹងដល់ប្រជាជនអំពីតម្រូវការក្នុងការអនុវត្តវិធានការការពារខ្លួន។ ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងអន្តរជាតិ សន្ទស្សន៍កាំរស្មីយូវី ត្រូវបានបង្កើតឡើងដោយអង្គការសុខភាពពិភពលោក កម្មវិធីបរិស្ថានរបស់អង្គការសហប្រជាជាតិ និងអង្គការឧតុនិយមពិភពលោក។ ការជំរុញឱ្យប្រជាជនកាត់បន្ថយការប៉ះពាល់នឹងពន្លឺព្រះអាទិត្យ អាចកាត់បន្ថយផលប៉ះពាល់ដល់សុខភាព និងការចំណាយលើការថែទាំសុខភាពផងដែរ។
សូមជម្រាបថា សន្ទស្សន៍វិទ្យុសកម្មកាំរស្មីយូវី ត្រូវបានចាត់ថ្នាក់ពីកម្រិត ១ ដល់ ១១ ។ កម្រិត ១ជាកម្រិតទាបបំផុត ហើយ ១១ ជាកម្រិតខ្ពស់បំផុត៕