អាហ្វហ្គានីស្ថាន៖ ការដួលរលំយ៉ាងឆាប់រហ័សនៃប្រទេសអាហ្វហ្គានីស្ថានក្រោមថ្វីដៃរបស់ក្រុមតាលីបង់ បន្ទាប់ពីសហរដ្ឋអាមេរិកបានចូលមកកាន់ប្រទេសកាលពី២០ឆ្នាំមុន បានបង្កឱ្យមានវិបត្តិនយោបាយ និងមនុស្សធម៌។ វាក៏បានបង្កើតជាសំណួរសម្រាប់អ្នកជំនាញខាងសន្តិសុខ ថា៖ តើវានឹងមានអ្វីកើតឡើងចំពោះធនធានរ៉ែរបស់ប្រទេសនេះ?
អាហ្វហ្គានីស្ថាន គឺជាប្រទេសមួយក្នុងចំណោមប្រទេសក្រីក្របំផុតនៅលើពិភពលោក។ ប៉ុន្តែនៅឆ្នាំ ២០១០ មន្រ្តីអាមេរិក បានរកឃើញថា ប្រទេសដែលស្ថិតនៅត្រង់ផ្លូវបំបែកនៃ អាស៊ីកណ្តាល និងអាស៊ីខាងត្បូង មានធនធានរ៉ែដែលមានតម្លៃជិត ១ ទ្រីលានដុល្លារអាមេរិក ដែលអាចផ្លាស់ប្តូរទស្សនវិស័យសេដ្ឋកិច្ចរបស់ប្រទេសនេះបាន។
រ៉ែដ៏ច្រើនសន្ធឹក ដូចជា ទង់ដែង និង មាស មានរាយប៉ាយពាសពេញខេត្តនានារបស់អាហ្វហ្គានីស្ថាន។ វាក៏មានរ៉ែកម្រ គឺ លីចូម (Lithium) ដ៏សំខាន់របស់ពិភពលោក ដែលត្រូវបានប្រើប្រាស់សម្រាប់ផលិតជាអាគុយ ថ្មទូរសព្ទ និងបច្ចេកវិទ្យាផ្សេងទៀត ដែលមានសារសំខាន់ក្នុងការដោះស្រាយវិបត្តិនៃបម្រែបម្រួលអាកាសធាតុ។
លោក Rod Schoonover អ្នកវិទ្យាសាស្ត្រ និងជាអ្នកជំនាញខាងសន្តិសុខ បាននិយាយថា៖ “ អាហ្វហ្គានីស្ថាន ពិតជាតំបន់មួយដែលសម្បូរលោហធាតុបំផុតនៅក្នុងពិភពលោក និងសម្រាប់សេដ្ឋកិច្ចកំពុងរីកចម្រើននៃសតវត្សរ៍ទី២១”។
បញ្ហាប្រឈមផ្នែកសន្តិសុខ កង្វះហេដ្ឋារចនាសម្ព័ន្ធ និងគ្រោះរាំងស្ងួតធ្ងន់ធ្ងរ បានរារាំងការទាញយកធនធានរ៉ែដែលមានតម្លៃបំផុត នាពេលកន្លងមក។ មានការចាប់អារម្មណ៍ពីបណ្តាប្រទេសនានា ដែលបានព្យាយាមទាក់ទងជាមួយអាហ្វហ្គានីស្ថាន ទោះបីជាមានភាពច្របូកច្របល់នៅប្រទេសនេះក៏ដោយ៕
ប្រភព៖ CNN