×

ក្រសួងសុខាភិបាល អនុញ្ញាត​ឱ្យ​មន្ទីរពេទ្យឯកជន អាចផ្ដល់​សេវា​ថែទាំ​ព្យាបាល​អ្នកជំងឺ​កូវីដ​កម្រិតស្រាល​នៅតាមផ្ទះ

ភ្នំពេញ៖ ក្រសួងសុខាភិបាល បានសម្រេចឱ្យសេវាសុខាភិបាលឯកជន (មន្ទីរពេទ្យ មន្ទីរពហុព្យាបាល និងមន្ទីរសម្រាកព្យាបាល) ដែលមានច្បាប់អនុញ្ញាតពីក្រសួងសុខាភិបាល មានសិទ្ធិផ្ដល់សេវាថែទាំ ព្យាបាលអ្នកជំងឺកូវីដ១៩ កម្រិតស្រាលនៅតាមផ្ទះ។

យោងតាមសេចក្ដីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល បានឱ្យដឹងថា សេវាសុខាភិបាលឯកជន តាមគោរពតាមលក្ខខណ្ដដូចខាងក្រោម៖
១. មូលដ្ឋានសុខាភិបាលឯកជនដែលមានច្បាប់អនុញ្ញាតពីក្រសួងសុខាភិបាល
២. ត្រូវមានគ្រូពេទ្យ និងបុគ្គលិកបានបណ្ដុះបណ្ដាលត្រឹមត្រូវសម្រាប់ផ្ដល់សេវាថែទាំ ព្យាបាលអ្នកជំងឺកូវីដ១៩ កម្រិតស្រាលតាមផ្ទះ ពីក្រុមគ្រូបង្គោលថ្នាក់ជាតិនៃក្រសួងសុខាភិបាល។ ក្រុមគ្រូពេទ្យទាំងនេះ ត្រូវបានចាត់ដោយឡែកពីក្រុមគ្រូពេទ្យព្យាបាលអ្នកជំងឺធម្មតា ហើយក្រុមគ្រូពេទ្យទាំងនេះ ត្រូវធ្វើចត្តាឡីស័ក រយៈពេល ១៤ថ្ងៃ បន្ទាប់ពីបានថែទាំ និងព្យាបាលអ្នកជំងឺកូវីដ១៩។

៣- ត្រូវត្រៀមទុកជាមុនក្នុងករណីអ្នកជំងឺវិវឌ្ឍទៅធ្ងន់ធ្ងរ ដោយធានាឱ្យមានប្រព័ន្ធបញ្ជូនជំងឺតាមបទដ្ឋានបច្ចេកទេសត្រឹមត្រូវ ពីផ្ទះ ទៅសេវាសុខាភិបាលឯកជនដែលមានច្បាប់អនុញ្ញាតឱ្យផ្តល់សេវាថែទាំ និងព្យាបាលអ្នកជំងឺកូវីដ១៩ ឬសេវាសាធារណៈដែលមានព្យាបាលកូវីដ១៩។

៤- ការផ្ដល់សេវាថែទាំ និងព្យាបាលអ្នកជំងឺកូវីដ១៩ កម្រិតស្រាលនៅតាមផ្ទះ ត្រូវតែមានការអនុញ្ញាតពីអាជ្ញាធរមូលដ្ឋាន រួមមាន ចៅសង្កាត់ ឬមេឃុំ និងមន្ទីរសុខាភិបាលនៃការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ ដែលអ្នកជំងឺតាំងនៅ។

៥- ម្ចាស់សេវាសុខាភិបាលឯកជន ត្រូវដាក់លិខិតស្នើសុំអនុញ្ញាតមកក្រសួងសុខាភិបាល តាមរយៈអនុគណៈកម្មការបច្ចេកទេស និងព្យាបាលដែលមានទូរសព្ទ និងតេឡេក្រាមលេខ៖ ០១២ ៨៩១ ៥២៧ និង ០១២ ៦៩១ ១១២៕

 

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង