វៀតណាម៖ អាជ្ញាធរទីក្រុងហាណូយ បាននិយាយថា ទីក្រុងហាណូយ មានគោលដៅធ្វើតេស្តប្រជាជនរបស់ខ្លួនទាំងអស់ ដើម្បីគ្រប់គ្រងការរាតត្បាតជំងឺកូវីដ១៩ នៅត្រឹមថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលចេញនៅល្ងាចថ្ងៃចន្ទ អភិបាលទីក្រុងហាណូយ បានបញ្ជាឱ្យទីភ្នាក់ងារពាក់ព័ន្ធបង្កើនកិច្ចប្រឹងប្រែងរបស់ពួកគេ ដើម្បីកម្ចាត់ការរីករាលដាលនៃមេរោគកូវីដ១៩ នៅត្រឹមថ្ងៃពុធសប្តាហ៍ក្រោយ និងធ្វើឱ្យសេដ្ឋកិច្ចសង្គម មានភាពប្រសើរឡើងវិញ។
ក្នុងឯកសារនេះ អ្នកស្រុកទាំងអស់ នឹងត្រូវធ្វើតេស្តរកមេរោគកូវីដ១៩ នៅត្រឹមថ្ងៃទី១២ ខែកញ្ញា។
នៅតំបន់ដែលមានហានិភ័យខ្ពស់នៃការរីករាលដាលនៃជំងឺកូវីដ១៩ អ្នកស្រុក នឹងត្រូវយកសំណាកទៅធ្វើតេស្តរៀងរាល់ ២ ឬ ៣ ថ្ងៃម្តង ហើយសម្រាប់តំបន់ដែលមានហានិភ័យបង្គួរ ត្រូវធ្វើតេស្តរៀងរាល់ ៥ ឬ ៧ ថ្ងៃម្តង។ នៅតំបន់ផ្សេងទៀតសំណាក នឹងត្រូវប្រមូលយ៉ាងហោចណាស់ម្តង។
ក្រសួងសុខាភិបាលវៀតណាម បានរាយការណ៍ថា ក្រុងហាណូយ បានកត់ត្រាករណីឆ្លងវីរុសកូវីដ១៩ ចំនួន ៤.១១៩ នាក់ និងមានអ្នកស្លាប់ចំនួន ៤៧ នាក់ចាប់តាំងពីជំងឺរាតត្បាតបានផ្ទុះឡើងនៅប្រទេសវៀតណាម នៅដើមឆ្នាំ២០២០។
នៅទូទាំងប្រទេស មានករណីឆ្លងវីរុសកូវីដ១៩ចំនួន ៥៣៦.៧៨៨ នាក់ និងមានអ្នកស្លាប់ចំនួន ១៣.៣៨៥ នាក់៕