វៀតណាម៖ រូបភាពក្រុមគ្រូពេទ្យចុះយកសំណាកកូវីដ១៩ដល់ប្រជាពលរដ្ឋតាមស្រុកភូមិនៅប្រទេសវៀតណាម ដោយបានប្រើប្រាស់កង់រទេះលក់ប្រហិតមកប្រែក្លាយជាកង់រទេះយកសំណាកចល័តវិញម្តង កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្តាញសង្គមកាលពីពេលថ្មីៗនេះ។ យ៉ាងណាមិញ នេះជាវិធីសាស្ត្រដ៏ល្អ និងមានភាពងាយស្រួលម៉្យាងសម្រាប់អ្នកមិនព្រមទៅផ្តល់សំណាក និងងាយស្រួលសម្រាប់ប្រើប្រាស់តាមជនបទដែលមានផ្ទះឆ្ងាយដាច់ស្រយាល។
អ្វីដែលមានសារសំខាន់បំផុតក្នុងការធ្វើវិធីសាស្ត្របែបនេះ គឺអាចកាត់បន្ថយភាពភ័យខ្លាចដល់ប្រជាពលរដ្ឋដែលមិនហ៊ានទៅផ្តល់សំណាក។ ហើយរូបភាពក្រុមគ្រូពេទ្យធាក់កង់រទេះយកសំណាកចល័តមួយនេះ បានក្លាយជារូបភាពកំប្លុកកំប្លែងដែលបានចូលរួមកាត់បន្ថយអារម្មណ៍ភ័យខ្លាចដល់ប្រជាពលរដ្ឋទាំងចាស់ ទាំងក្មេងបានយ៉ាងមានប្រសិទ្ធភាពផងដែរ៕