ភ្នំពេញ៖ យុទ្ធនាការប្រើប្រាស់ឧបករណ៍តេស្តរហ័សរកអង់ទីហ្សែនកូវីដ១៩ មុនពេលបើកដំណើរការសាលារៀនឡើងវិញ លើលោកគ្រូអ្នកគ្រូ និងបុគ្គលិកអប់រំចំនួន ១០.៤៤៣ នាក់ ក្នុងនោះ បានរកឃើញលោកគ្រូអ្នកគ្រូ និងបុគ្គលិកអប់រំចំនួន ២៤ នាក់ មានលទ្ធផលតេស្តវិជ្ជមានកូវីដ១៩ និងត្រូវបានបញ្ជូនទៅព្យាបាលពីក្រុមគ្រូពេទ្យផងដែរ។
រដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងដូច្នេះ នៅក្នុងសេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋបាលរាជធានីភ្នំពេញ កាលពីយប់ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ មុន១ថ្ងៃ នៃការបើកដំណើរការឡើងវិញនៃគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន សម្រាប់កម្រិតអនុវិទ្យាល័យ និងវិទ្យាល័យទាំងអស់ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១៥ ខែកញ្ញា តទៅ។
គ្រឹះស្ថានសិក្សាកម្រិតអនុវិទ្យាល័យ និងវិទ្យាល័យ នៅរាជធានីភ្នំពេញ ដែលត្រូវបើកដំណើរការឡើងវិញមានចំនួនសរុប ២២៧ ទីតាំង (គ្រឹះស្ថានសាធារណៈ ៦៨ទីតាំង និងគ្រឹះស្ថានឯកជនចំនួន ១៥៩ទីតាំង) ស្មើនឹងលោកគ្រូអ្នកគ្រូ និងបុគ្គលិកអប់រំ ចំនួន ១០.៤៤៣ នាក់ និងសិស្សានុសិស្សត្រូវចូលរៀនវិញ ចំនួន ១៣៩.៥៧៨ នាក់។
សូមជម្រាបថា អត្រាភាគរយនៃការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ គ្រប់ដូស ជូនដល់លោកគ្រូអ្នកគ្រូ និងបុគ្គលិកអប់រំសរុបបាន ១០.៩៤៨ នាក់ ស្មើនឹង ៩៨% រីឯ ២% ទៀត ភាគច្រើនមានបញ្ហាសុខភាពដែលគ្រូពេទ្យមិនអនុញ្ញាតឱ្យចាក់។ ទាំងគ្រូបង្រៀន ទាំងសិស្សានុសិស្ស តម្រូវឱ្យបង្ហាញបណ្ណចាក់វ៉ាក់សាំងកូវីដ១៩ មុនពេលចូលក្នុងបរិវេណគ្រឹះស្ថានសិក្សា៕