×

បើទោះជា​នៅសល់​តួប៉ម​តែមួយ តែប្រាសាទ​ក្រវ៉ាន់​នៅរក្សា​ក្បាច់ចម្លាក់​ច្បាស់ៗ​គួរជា​ទី​គយគន់

សៀមរាប៖ ប្រាសាទក្រវ៉ាន់មានទីតាំងស្ថិតនៅ ភូមិក្រវ៉ាន់ ឃុំនគរធំ ខេត្តសៀមរាប ខាងកើតប្រាសាទអង្គរវត្ត និងខាងត្បូងប្រាសាទបន្ទាយក្តី។ ប្រាសាទនេះត្រូវបានកសាងឡើងក្នុងឆ្នាំ ៩២១នៃគ.សក្នុងរាជព្រះបាទហសិវរ័ន្មទី១ (៩១០-៩២៣) ដើម្បីឧទ្ទិសដល់ព្រះវិស្ណុ ក្នុងព្រហ្មសាសនា។ ប្រាសាទក្រវ៉ាន់មានឈ្មោះដើមថា ត្រៃលោក្យថាថ តែតាមអ្នកស្រុកទីនោះហៅប្រាសាទនេះថា ក្រវ៉ាន់ ព្រោះពួកគេយល់ថា ក្រវ៉ាន់ ជាឈើមួយប្រភេទមានផ្កាក្រអូបឈ្ងុយ ស្រដៀងនឹងក្លិនចេកនួនទុំ ដែលដុះយ៉ាងច្រើននៅម្តុំនោះ។

ប្រាសាទក្រវ៉ាន់ កសាងអំពីឥដ្ឋសាងសង់នៅលើខឿនមួយជាន់មានតួប៉មឈរតម្រៀបជួរគ្នា តួប៉មកណ្តាលមានទំហំធំជាងគេ និងខ្ពស់ជាងគេ។ តួប៉មទាំងប្រាំបែរមុខទៅទិសខាងកើត ដែលមានទ្វារមួយបើចំហ និងទ្វារបីទៀតជាទ្វារបញ្ឆោត សសរ និងផ្តែរធ្វើអំពីថ្មភក់ នៅខាងមុខនៃតួប៉មទាំងប្រាំមានទីលានមួយ និងខឿនមួយប្រហែលជាហោត្រៃ។ នៅតាមជញ្ជាំងមានចម្លាក់រូបព្រះវិស្ណុ ព្រះនាងលក្ស្មី ព្រះម៉ែធរណី និងរឿងព្រាហ្មតឿជាដើម។

នៅក្នុងតួប៉មប្រាសាទក្រវ៉ាន់មានចម្លាក់ជាច្រើន ដែលរៀបរាប់អំពីរឿងទេវកថា របស់អាទិទេពព្រះវិស្ណុ និងក្រុងពាលី។ មិនត្រឹមតែប៉ុណ្ណោះ ប្រាសាទក្រវ៉ាន់ក៏នៅមានចម្លាក់អំពីអាពាហ៍ពិពាហ៍របស់ព្រះវិស្ណុ និងព្រះនាងលក្ម្សីផងដែរ នៅលើជញ្ជាំងនៃប្រាង្គធំនៃប្រាសាទក្រវ៉ាន់ ដែលត្រូវបានជួសជុលដោយ លោកហ្គ្រោលីយេ ជាជនជាតិបារាំង យើងឃើញមានចម្លាក់មួយតំណាងឱ្យព្រះអាទិទេពមួយអង្គស្ថិតក្នុងឥរិយាបទ ប្រថាប់ឈររាំយ៉ាងសង្ហាដោយមានព្រះបាទមួយប្រថាប់លើបល្ល័ង្គ ហើយចម្លាក់មួយទៀតដែលគួរឱ្យភ្ញាក់អារម្មណ៍ជាងគេនោះនៅលើផ្កាឈូករីកក្រពុំមួយគួរឱ្យគយគន់។

រីឯព្រះហត្ថទាំង៤វិញប្រដាប់ដោយកេតនភណ្ឌដូចជា កងចក្រទិព្វ ខ្យងសង្ខ ដំបងសិល្ប៍ និងដុំមូលតំណាងឱ្យពិភពផែនដី។ នៅផ្នែកខាងក្រោមព្រះបាទរបស់ព្រះអាទិទេពអង្គនេះ គេឃើញមានស្ត្រីម្នាក់កំពុងភាវនាវធម៌ ដែលដៃកាន់ទងផ្កាឈូក គឺព្រះនាងលក្ម្សី ដែលជាព្រះជាយា ឬទេពីរបស់ទ្រង់ អ្វីដែលគួរឱ្យកត់សម្គាល់ជាងនោះទៀត គឺនៅក្រោយខ្នងរបស់ព្រះនាង គេឃើញមានគំនូសរាងអង្គាញ់ៗតំណាងឱ្យទឹកសមុទ្រ។
ទោះបីជាប្រាសាទទាំងនេះមានអាយុកាលច្រើនឆ្នាំ និងមានតួប៉មតូចៗក៏ដោយ ប៉ុន្តែចម្លាក់ឥដ្ឋទាំងនោះនៅរក្សាបានទម្រង់ល្អឥតខ្ចោះ ដែលជាទីចាប់អារម្មណ៍ដល់ភ្ញៀវទេសចរចង់ទៅទស្សនាផងដែរ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង