×

ក្រសួង​ប្រាប់ម្ចាស់​រោងចក្រ​សហគ្រាស​ទាំងអស់ ត្រូវឱ្យ​កម្មករ​និយោជិត​ឈប់សម្រាក​ដោយ​មាន​ប្រាក់ឈ្នួល ក្នុងពិធីបុណ្យភ្ជុំបិណ្ឌ

ភ្នំពេញ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានជូនដំណឹងដល់ម្ចាស់ នាយករោងចក្រ សហគ្រាស និងកម្មករនិយោជិតទាំងអស់ ត្រូវអនុវត្តសេចក្ដីជូនដំណឹង ស្ដីពីការឈប់សម្រាកក្នុងពិធីបុណ្យភ្ជុំបិណ្ឌ ឆ្នាំ២០២១ ឱ្យបានត្រឹមត្រូវ និងប្រកបដោយប្រសិទ្ធភាព។

យោងតាមច្បាប់ស្តីពីការងារ និងប្រកាសលេខ៣៩៧/២០.ក.ប/ប្រ.ក.អ..ក ចុះថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២០ ស្តីពី ការឈប់បុណ្យដែលមានប្រាក់ឈ្នួលប្រចាំឆ្នាំ២០២១ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ណែនាំដល់ ម្ចាស់ ឬនាយករោងចក្រ សហគ្រាសទាំងអស់ ដែលស្ថិតក្នុងដែនអនុវត្តនៃច្បាប់ស្តីពីការងារ ត្រូវអនុញ្ញាតឱ្យកម្មករនិយោជិត ទាំងអស់របស់ខ្លួនឈប់សម្រាកដោយមានប្រាក់ឈ្នួលក្នុងពិធីបុណ្យភ្ជុំបិណ្ឌខាងមុខនេះ ដែលមានរយៈពេល ៣(បី)ថ្ងៃ គឺ ថ្ងៃទី៥-៦-៧ ខែតុលា ឆ្នាំ២០២១។ ទន្ទឹមនឹងនេះ ម្ចាស់ ឬនាយករោងចក្រ សហគ្រាស អាចពិភាក្សាជាមួយតំណាងកម្មករនិយោជិតក្នុងការរៀបចំ ឬ ផ្លាស់ប្តូរការឈប់សម្រាកនេះនៅពេលណាមួយផ្សេងទៀត ក្នុងករណីមានការព្រមព្រៀងពីកម្មករនិយោជិត។

ចំពោះរោងចក្រ សហគ្រាស ទាំងឡាយណាដែលកម្មវត្ថុអាជីវកម្មមានចរិតលក្ខណៈសាកល ត្រូវប្រព្រឹត្តទៅជាប្រចាំ និងមិនអាចបញ្ឈប់សកម្មភាពបាន ហើយការឈប់សម្រាកបុណ្យនៃកម្មករនិយោជិតទាំងអស់ព្រមគ្នាក្នុងពេលតែ មួយនាំឱ្យខូចប្រយោជន៍ដល់សាធារណជន ឬក៏ធ្វើឱ្យខូចដំណើរការរបស់រោងចក្រ សហគ្រាសនោះ ម្ចាស់ ឬនាយករោងចក សហគ្រាស ត្រូវរៀបចំបែងចែកឱ្យកម្មករនិយោជិតបានឈប់សម្រាកទៅតាមថ្ងៃបុណ្យនីមួយៗដោយផ្លាស់ប្តូរគ្នា ហើយ រក្សាទុកបញ្ជីបែងចែកនោះជាប្រចាំសម្រាប់ការត្រួតពិនិត្យរបស់អធិការការងារ។

កម្មករនិយោជិតដែលធ្វើការថ្ងៃឈប់បុណ្យ ភ្ជុំបិណ្ឌនេះ មានសិទ្ធិទទួលនូវប្រាក់បំណាច់បន្ថែម ដែលមានចំនួនស្មើនឹងប្រាក់ឈ្នួលថ្ងៃធ្វើការធម្មតា។

កម្មករនិយោជិតដែលឈប់សម្រាក ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមស្មារតីសេចក្ដីណែនាំរបស់ក្រសួងសុខាភិបាល ចុះថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២១ ស្ដីពីការការពារការចម្លងវីរុសកូវីដ១៩ និងការពុលចំណីអាហារក្នុងអំឡុងពិធីបុណ្យកាន់ បិណ្ឌ និងភ្ជុំបិណ្ឌ និងវិធានសុខាភិបាលជាធរមាននានា៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង