ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ បានចេញសេចក្ដីជូនដំណឹង ស្តីពីការចាក់វ៉ាក់សាំងកូវីដ១៩ ប្រភេទស៊ីណូវ៉ាក់ ដូសជំរុញជូនដល់ប្រជាពលរដ្ឋ ដែលមានអាយុចាប់ពី១៨ឆ្នាំឡើង ហើយដែលបានចាក់ដូសទី២រួច ឬគ្រប់ដូស ដែលចាប់ផ្ដើមចាក់ជូនប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ រួចបន្តទៅបណ្ដាខេត្តជាបន្តបន្ទាប់។
ចាប់ពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ ប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញ ដែលមានអាយុចាប់ពី១៨ឆ្នាំ និងបានចាក់ដូសទី២រួច អាចទៅទទួលវ៉ាក់សាំងដូសជំរុញ ឬដូសទី៣ បាននៅតាមមូលដ្ឋានសុខាភិបាលសាធារណៈ ដែលរដ្ឋបាលរាជធានី នឹងចេញសេចក្ដីជូនដំណឹងពីទីតាំង នៃការចាក់វ៉ាក់សាំងដូសជំរុញនេះ។
ឯកសារដែលត្រូវភ្ជាប់ជាមួយនៅពេលទៅចាក់វ៉ាក់សាំងដូសជំរុញ រួមមាន បណ្ណចាក់វ៉ាក់សាំងកូវីដ១៩ និងអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ឬ ឯកសារដែលប្រើប្រាស់ក្នុងការចុះឈ្មោះចាក់វ៉ាក់សាំងកូវីដ១៩ ដូសទី១។
សូមបញ្ជាក់ថា ប្រជាពលរដ្ឋដែលអាចចាក់វ៉ាក់សាំងដូសជំរុញបាន លុះត្រាតែមានអាយុចាប់ពី១៨ឆ្នាំឡើង ហើយចាក់ដូសទី១ និងដូសទី២ រួចរាល់ ឬគ្រប់ដូស ដែលមានគម្លាតចាប់ពី ៤ខែឡើង បន្ទាប់ពីបានចាក់វ៉ាក់សាំងដូសទី២ ឬគ្រប់ដូស៕