×

ក្រសួងអប់រំ ថា គ្រឹះស្ថាន​ឧត្តមសិក្សា អាច​កំណត់​កាលបរិច្ឆេទ​បើកសាលា​ឡើងវិញ​បាន​ដោយខ្លួនឯង

ភ្នំពេញ៖ ការបើកដំណើរការសាកលវិទ្យាល័យ មហាវិទ្យាល័យ វិទ្យាស្ថាននានា ទាំងរដ្ឋនិងឯកជន នឹងត្រូវសម្រេចដោយគណៈគ្រប់គ្រងនៃគ្រឹះស្ថានឧត្តមសិក្សាផ្ទាល់ ថា តើគួរជ្រើសរើសកាលបរិច្ឆេទណាមួយសម្រាប់ការបើកឱ្យបុគ្គលិក និងនិស្សិត អាចចូលបង្រៀន និងរៀនក្នុងថ្នាក់រៀនឡើងវិញបាន។ នេះបើយោងតាមសេចក្ដីណែនាំស្ដីពី ការបើកដំណើរការឡើងវិញនូវគ្រឹះស្ថានឧត្តមសិក្សាសាធារណៈ និងឯកជន របស់ក្រសួងអប់រំ យុវជន និងកីឡា ចុះនៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១។

យោងតាមគោលការណ៍ទី៥ នៃសេចក្ដីណែនាំនេះ បានឱ្យដឹងដូច្នេះថា៖ “ការផ្តល់សិទ្ធិក្នុងការសម្រេចចិត្ត និងការទទួលខុសត្រូវជាលក្ខណៈស្ថាប័ន ជូនដល់គណៈគ្រប់គ្រង គ្រឹះស្ថានឧត្តមសិក្សា ក្នុងការកំណត់កាលបរិច្ឆេទ និងលំដាប់លំដោយនៃការសាកល្បងដំណើរការ បង្រៀននិងរៀន ការអនុវត្តប្រតិបត្តិ និងការស្រាវជ្រាវ” ដោយគ្រឹះស្ថានឧត្តមសិក្សា អាចសម្រេចចិត្តក្នុងការបន្តដំណើរការបង្រៀននិងរៀន តាមប្រព័ន្ធអនឡាញទាំងស្រុងជាបន្តទៀត ឬសាកល្បងដំណើរការបង្រៀននិងរៀន ការអនុវត្តប្រតិបត្តិ និងការស្រាវជ្រាវ (រៀននៅក្នុងថ្នាក់) នៅកាលបរិច្ឆេទកំណត់ណាមួយ អាស្រ័យទៅតាមស្ថានភាពជាក់ស្ដែង។

គ្រឹះស្ថានសិក្សាឧត្តមសិក្សា អាចសម្រេចចិត្ត ក្នុងការសាកល្បងដំណើរការបង្រៀននិងរៀន ការអនុវត្តប្រតិបត្តិ និងការស្រាវជ្រាវ សម្រាប់តែផ្នែកណាមួយនៃកម្មវិធីបណ្ដុះបណ្ដាល ឆ្នាំសិក្សា ឬក្រុមនិស្សិតជាក់លាក់ណាមួយ។

គោលការណ៍ទី៦ នៃសេចក្ដីណែនាំនេះ បានឱ្យដឹងដែរថា ការប្រមូលផ្តុំ និងការជួបជុំរវាងបុគ្គលិកអប់រំ និងនិស្សិត នៅក្នុងដំណើរការបង្រៀននិងរៀនដែលមានចំនួនមិនឱ្យលើស ២០នាក់ក្នុង១ថ្នាក់ ដោយគ្រឹះស្ថានត្រូវទទួលខុសត្រូវប្រកបដោយសុភវិនិច្ឆ័យបំផុតទៅលើការ អនុញ្ញាតឱ្យមានចំនួនមនុស្សប្រមូលផ្តុំ និងជួបជុំ ដែលធានាបាននូវគម្លាតសុវត្ថិភាពយ៉ាងតិច ១ម៉ែត្រកន្លះ៕

អានសេចក្ដីណែនាំលម្អិតដូចខាងក្រោម៖

 

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង