ភ្នំពេញ៖ ក្រុមប្រឹក្សាជាតិ បានអនុវត្តនូវនីតិវិធីបោះឆ្នោតជាសម្ងាត់ ក្នុងកិច្ចប្រជុំព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១នេះ ដើម្បីគាំទ្រតួលេខប្រាក់ឈ្នួលអប្បបរមាចំនួន៣ ដោយទទួលបានលទ្ធផលតួលេខ ១៩២ដុល្លារ ជាតួលេខដែលទទួលបានសំឡេងឆ្នោត ៤៥សំឡេងលើ ៥១សំឡេង ដែលនឹងអនុវត្តពីថ្ងៃទី១ ខែមករា ឆ្នាំ២០២២តទៅ។
បន្ថែមលើប្រាក់ឈ្នួលអប្បបរមា ១៩២ដុល្លារ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបន្ថែមទឹកប្រាក់ ២ដុល្លារទៀត ។ ដូច្នេះ កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប នឹងទទួលបានប្រាក់ឈ្នួលអប្បបរមា ១៩៤ដុល្លារក្នុងមួយខែ នៅឆ្នាំ២០២២។
ទន្ទឹមនឹងនេះ ប្រាក់អត្ថប្រយោជន៍ផ្សេងទៀត ដែលកម្មករនិយោជិតធ្លាប់ទទួលបានកន្លងមក ត្រូវបានរក្សាទុកនៅដដែល មានដូចជា ប្រាក់សោហ៊ុយធ្វើដំណើរ និងស្នាក់នៅចំនួន ៧ដុល្លារអាមេរិក ក្នុងមួយខែប្រាក់រង្វាន់ធ្វើការទៀងទាត់ចំនួន ១០ដុល្លារអាមេរិក ក្នុងមួយខែ, ប្រាក់ថ្លៃបាយសម្រាប់ការធ្វើការងារបន្ថែម ម៉ោងដោយស្ម័គ្រចិត្តចំនួន ២.០០០រៀល ក្នុងមួយថ្ងៃ ឬការទទួលបានបាយមួយពេលដោយឥតគិតថ្លៃ, និងប្រាក់រង្វាន់អតីតភាពការងារចំនួនពី ២ដុល្លារអាមេរិក ដល់ ១១ដុល្លារអាមេរិកក្នុងមួយខែ សម្រាប់កម្មករ និយោជិតដែលបានធ្វើការចាប់ពីឆ្នាំទី២ ដល់ឆ្នាំទី១១។
ដូចនេះ ជាមធ្យម កម្មករនិយោជិតម្នាក់ៗនឹងទទួល បានប្រាក់ឈ្នួលយ៉ាងតិចចំនួនពី ២១១ ដុល្លារ ក្នុងមួយខែ៕