ភ្នំពេញ៖ ចកវ៉កកម្ពុជា Cambodian Laughingthrush (Garrulax ferrarius) ជាប្រភេទសត្វស្លាបដែលមានវត្តមានតែនៅតំបន់ជួរភ្នំក្រវាញនៃប្រទេសកម្ពុជាតែប៉ុណ្ណោះ (Endemic)។
សត្វស្លាបប្រភេទនេះ ត្រូវបានរកឃើញដំបូងនៅឆ្នាំ១៩២៩ (Riley, 1930) ហើយបញ្ជាក់ពីវត្តមានវានៅកម្ពុជាឡើងវិញ នៅក្នុងឆ្នាំ២០០០ (Steinheimer et al., 2000)។ ទោះជាយ៉ាងនេះក្តីនៅប្រទេសកម្ពុជា សំណាកស្បែកស្ងួតសម្រាប់គោលបំណងវិទ្យាសាស្ត្រដំបូង ត្រូវបានប្រមូលពីដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ នៅឆ្នាំ២០១០ (Chhin, 2010) និងកំពុងទុកនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។
ជាទូទៅ សត្វស្លាបប្រភេទនេះ មានវត្តមាននៅតំបន់ភ្នំរយៈកម្ពស់ខ្ពស់ (ចាប់ពី៧០០ម៉ែត្រឡើងទៅ) នៃតំបន់ជួរភ្នំក្រវាញ មានដូចជា ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ដែនជម្រកសត្វព្រៃភ្នំសំកុស និងឧទ្យានជាតិជួរភ្នំក្រវាញកណ្តាល។
ប្រភព និងរូបភាពដោយ៖ បណ្ឌិត ឈិន សុភា នាយកដ្ឋានជីវៈចម្រុះ នៃអគ្គលេខាធិការដ្ឋាន ក្រុម ប្រឹក្សាជាតិ អភិវឌ្ឍន៍ ដោយ ចីរភាព/ក្រសួងបរិស្ថាន