ភ្នំពេញ៖ កុមារ និងយុវវ័យដែលមានអាយុ ចាប់ពី ៦ ឆ្នាំដល់ក្រោម ១៨ឆ្នាំ និងកុមារដែលមាន អាយុក្រោម ៦ឆ្នាំ មិនមានកាតព្វកិច្ចបង្ហាញបណ្ណចាក់វ៉ាក់សាំងនោះទេ រាល់ពេលចេញ-ចូលសិក្សា នៅតាមទីតាំងគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ក៏ដូចជា បណ្ណាល័យ បណ្ណាគារ អាហារដ្ឋាន តូបអាហារ និងតូបភេសជ្ជៈ ដែលមានទីតាំងស្ថិតក្នុងគ្រឹះស្ថានសិក្សានីមួយៗ។ នេះបើយោងតាមសេចក្ដីណែនាំបន្ថែមរបស់រដ្ឋបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២១។
សេចក្ដីណែនាំនេះ បានធ្វើឡើង បន្ទាប់ពីរដ្ឋបាលរាជធានីភ្នំពេញ បានសង្កេតឃើញថា កុមារ និងយុវវ័យ មានអាយុក្រោម ១៨ឆ្នាំ មិនមែនជាក្រុមហានិភ័យដែលមានការចម្លងសកម្ម ប៉ុន្តែ គឺជាក្រុមដែលងាយរងគ្រោះពីការចម្លងជំងឺកូវីដ១៩។
យ៉ាងណាក៏ដោយ រដ្ឋបាលរាជធានីភ្នំពេញ បានណែនាំដល់គណៈនាយក ឬ គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនទាំងអស់ ក្នុងរាជធានីភ្នំពេញ ត្រូវរៀបចំយន្តការ ដើម្បីត្រួតពិនិត្យបណ្ណចាក់វ៉ាក់សាំងរបស់សាស្ត្រាចារ្យ លោកគ្រូ-អ្នកគ្រូ បុគ្គលិក អប់រំ មាតាបិតា-អាណាព្យាបាល និងភ្ញៀវដែលចេញ-ចូលមកទំនាក់ទំនងការងារផ្សេងៗ ឱ្យបាន ត្រឹមត្រូវមុននឹងអនុញ្ញាតឱ្យចូលក្នុងត្រឹះស្ថានសិក្សា។
រដ្ឋបាលរាជធានីភ្នំពេញ បន្តជំរុញឱ្យគណៈនាយក ឬ គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនទាំងអស់ ក្នុងរាជធានីភ្នំពេញ ត្រូវបន្ត យកចិត្តទុកដាក់អនុវត្តវិធានការសុវត្ថិភាពផ្នែកសុខាភិបាលឱ្យបានម៉ឺងម៉ាត់ ជាអាទិ៍ កាតព្វកិច្ច ពាក់ម៉ាស រក្សាគម្លាតសុវត្ថិភាព ការធ្វើអនាម័យដើម្បីសម្លាប់មេរោគ ការវាសកម្ដៅ និងការស្កេន QR Code ព្រមទាំងប្រកាន់ខ្ជាប់ជានិច្ចនូវវិធានការ “៣ ការពារ និង ៣ កុំ”៕