×

នេះជាអ្វី​ដែល​អ្នកដំណើរ​ផ្លូវអាកាស ត្រូវធ្វើ​ពេលទៅកាន់​ប្រទេសថៃ​ចាប់ពី​ថ្ងៃទី១វិច្ឆិកា

ថៃ៖ អាជ្ញាធរ ទេសចរណ៍ ថៃ បានផ្តល់ គោលការណ៍ ណែនាំ សម្រាប់ អ្នក ចង់ ទៅ លេង ប្រទេស ថៃ។ អាជ្ញាធរទេសចរណ៍ថៃ បានចេញសេចក្តីណែនាំសម្រាប់អ្នកដែលធ្វើដំណើរទៅកាន់ប្រទេសថៃពីប្រទេសដែលមានហានិភ័យទាបរួមទាំងប្រទេសកម្ពុជាផងនោះ នៅពេលដែលប្រទេសថៃ បានបើកដំណើរការឡើងវិញដោយផ្នែក នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១តទៅ។

ប្រធានអាជ្ញាធរទេសចរណ៍ថៃ លោក Yuthasak Supasorn បាននិយាយថា ទោះបីជាអ្នកដំណើរតាម “ផ្លូវអាកាស” មកពីប្រទេសដែលមានហានិភ័យទាប មិនត្រូវឆ្លងកាត់ការធ្វើចត្តាឡីស័ករយៈពេល ១៤ ថ្ងៃក៏ដោយ ប៉ុន្តែពួកគេតម្រូវឱ្យ៖

• ស្នាក់នៅក្នុងប្រទេសថៃយ៉ាងតិច ២១ ថ្ងៃ។

• ផ្តល់ព័ស្តុតាងថា បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ចំនួនពីរដូស ដែលត្រូវបានអនុម័តដោយអង្គការសុខភាពពិភពលោក (WHO) ឬក្រសួងសុខាភិបាលនៃប្រទេសថៃ។

• ផ្តល់លទ្ធផលតេស្តអវិជ្ជមានកូវីដ១៩ ដែលបានធ្វើឡើងមិនលើសពី ៧២ ម៉ោងមុនទៅដល់។ ប្រសិនបើពួកគេធ្វើតេស្តវិជ្ជមាន ពួកគេត្រូវតែផ្ដល់ព័ស្តុតាងដែលបង្ហាញថាពួកគេបានឆ្លងមេរោគក្នុងរយៈពេល ៣ ខែចុងក្រោយនេះ និងផ្តល់ព័ស្តុតាងនៃការធានារ៉ាប់រងចំនួន ៥ម៉ឺនដុល្លារអាមេរិក។

• ផ្តល់ព័ស្តុតាងនៃការកក់ទុកនូវសណ្ឋាគារ SHA-plus នៅយប់ដំបូង។

• ទាញយកកម្មវិធី MorChana ភ្លាមៗនៅពេលអ្នកដំណើរចុះចតនៅប្រទេសថៃ។

អាជ្ញាធរក៏បានចេញសេចក្តីណែនាំសម្រាប់អ្នកធ្វើដំណើរមកពីប្រទេសផ្សេងៗ ក៏ដូចជាអ្នកដែលមិនទាន់បានចាក់វ៉ាក់សាំងពេញលេញផងដែរ។

លោក Yuthasak បាននិយាយថា អ្នកធ្វើដំណើរមកពីប្រទេសក្រៅបញ្ជីដែលមានហានិភ័យទាបអាចស្នាក់នៅក្នុងតំបន់ “តំបន់ពណ៌ខៀវ” ណាមួយក្នុងរយៈពេល ៧ថ្ងៃ មុនពេលពួកគេអាចធ្វើដំណើរទៅកាន់ផ្នែកផ្សេងទៀតនៃប្រទេសថៃ។

ចំពោះអ្នកដែលមិនទាន់បានចាក់វ៉ាក់សាំងពេញលេញ អ្នកដែលមកតាមផ្លូវអាកាស នឹងត្រូវដាក់ឱ្យនៅដាច់ដោយឡែករយៈពេល ១០ ថ្ងៃ និងអ្នកដែលមកតាមផ្លូវគោករយៈពេល ១៤ ថ្ងៃ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង