×

សុនខហិត​អ្នកជំងឺ​កូវីដ១៩ របស់កម្ពុជា ត្រូវបាន​ហ្វឹកហ្វឺន​ដោយ​អ្នកជំនាញ​ដោយ​ជោគជ័យ

កំពង់ឆ្នាំង៖ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) បានគូសបញ្ជាក់ថា សុនខរបស់ខ្មែរ មានសមត្ថភាព និងអាចចូលរួមសកម្មភាពប្រយុទ្ធប្រឆាំងកូវីដ១៩បានជោគជ័យ។

នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ នៅវិទ្យាស្ថានបច្ចេកទេសសកម្មភាពកម្ចាត់មីនខេត្តកំពង់ឆ្នាំង លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា បានចុះពិនិត្យវឌ្ឍនភាពការស្រាវជ្រាវនិងអភិវឌ្ឍន៍សុនខហិតអ្នកជំងឺកូវីដ១៩ ។ លោកបានវាយតម្លៃប្រកបដោយក្តីរំភើបរីករាយដែលអ្នកជំនាញសុនខខែ្មរ អាចស្រាវជ្រាវ អាចហ្វឹកហ្វឺនសុនខហិតអ្នកជំងឺកូវីដ១៩បានដោយជោគជ័យ ក្នុងជំហានដ៏សំខាន់នេះ និងឃើញថាសុនខខ្មែរ មានសមត្ថភាពនិងអាចចូលរួមសកម្មភាពប្រយុទ្ធប្រឆាំងកូវីដ១៩បាន។

លោកបានឱ្យដឹងទៀតថា ការហ្វឹកហ្វឺនបន្តនឹងអនុវត្តក្នុងសប្តាហ៍ខាងមុខនេះ នៅពេលបានទទួលសំណាកបន្ថែមទៀតពីសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល។
ជារួមសុនខ អាចហិតអ្នកជំងឺកូវីដ១៩បាន និងអាចហិតក្នុងចម្ងាយសុវត្ថិភាពផងដែរ។

សុនខអាចមានអត្ថប្រយោជន៍ហិតរហ័ស (១០-១៥វិនាទី) អាចហិតស្វែងរកមុខសញ្ញាអ្នកមានជំងឺកូវីដ១៩ ក្នុងចំណោមមនុស្សច្រើន (ហ្វូងមនុស្ស) ដែលជាឧបករណ៍អាចប្រើជាជំនួយក្នុងការស្វែងរកអ្នកជំងឺកូវីដ ១៩នៅតាមកន្លែងមួយចំនួនដូចជា តាមច្រកទ្វារអន្តរជាតិ ព្រលានយន្តហោះ ព្រឹតិ្តការណ៍ធំៗ ដូចជាការប្រកួតកីឡា កម្មវិធីមហាជនជាដើម៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង