ភ្នំពេញ៖ យោងតាមការសម្រេចអនុញ្ញាតដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រសួងទេសចរណ៍ បានអនុញ្ញាតឱ្យបើកដំណើរការអាជីវកម្មបៀរហ្គាឌិនឡើងវិញ។
អាជីវកម្មបៀរហ្គាឌិនទាំងអស់ ត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់តាម វិធានសុវត្ថិភាពទេសចរណ៍ និងនីតិវិធីប្រតិបត្តិស្តង់ដាអប្បបរមា (SOP) តាមគន្លងប្រក្រតីភាពថ្មីសម្រាប់អាជីវកម្ម បៀរហ្គាឌិន និងត្រូវតាមដានត្រួតពិនិត្យសកម្មភាពអាជីវកម្មជាប្រចាំ ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩។
ប្រតិបត្តិករទេសចរណ៍ ដែលមានបំណងប្រកបអាជីវកម្មបៀរហ្គាឌិន ឬបន្តអាជ្ញាបណ្ណទេសចរណ៍ ត្រូវដាក់ពាក្យស្នើសុំអាជ្ញាបណ្ណទេសចរណ៍ នៅអង្គភាពច្រកចេញចូលតែមួយរបស់រដ្ឋបាលរាជធានីខេត្ត។
អាជីវកម្មបៀរហ្គាឌិន ឌែលបានបិទផ្អាកសកម្មភាពដោយរដ្ឋបាលរាជធានីខេត្តអំឡុងពេលវិបត្តិកូវីដ១៩ ហើយមានបំណងប្រកបអាជីវកម្មឡើងវិញ ត្រូវដាក់ពាក្យស្នើសុំអាជ្ញាបណ្ណទេសចរណ៍ថ្មី ដែលមានសុពលភាពរយៈពេល១ឆ្នាំ៕