ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២១ បានណែនាំដល់គ្រឹះស្ថានសិក្សាទាំងអស់ ត្រួតពិនិត្យបណ្ណចាក់វ៉ាក់សាំងរបស់សិស្ស តែម្តងគត់នៅថ្ងៃចូលរៀនដំបូង បន្ទាប់ពីគ្រឹះស្ថានអប់រំបើកដំណើរការ។
ក្រសួងអប់រំ បានបញ្ជាក់ ថា ក្រសួងស្នើគណៈគ្រប់គ្រងគ្រឹះស្ថានសិក្សាទាំងអស់ ត្រួតពិនិត្យបណ្ណចាក់វ៉ាក់សាំងរបស់សិស្សានុសិស្សតែម្តងគត់នៅថ្ងៃចូលរៀនដំបូងបន្ទាប់ពីគ្រឹះស្ថានសិក្សាបើកដំណើរការឡើងវិញ។ នៅថ្ងៃបន្តបន្ទាប់ មិនចាំបាច់ត្រួតពិនិត្យ ឬតម្រូវឱ្យសិស្សានុសិស្សបង្ហាញបណ្ណចាក់វ៉ាក់សាំងទៀតទេ លើកលែងករណីចាំបាច់សិស្សានុសិស្សអាចបង្ហាញច្បាប់ចម្លង ជាការស្រេច។
ក្រសួងអប់រំ បានបន្តថា ត្រូវណែនាំដល់សិស្សានុសិស្ស ឱ្យចេះថែរក្សាបណ្ណចាក់វ៉ាក់សាំងឱ្យបានត្រឹមត្រូវនៅតាមគេហដ្ឋានរៀងខ្លួនៗ ហើយត្រូវថតចម្លងបណ្ណចាក់វ៉ាក់សាំងមួយសន្លឹក ដាក់តាមខ្លួនជាប្រចាំ ៕