×

វ៉ាក់សាំង​បង្ការ​កូវីដ១៩ ឈ្មោះថា COVAXIN ត្រូវបាន​ក្រសួងសុខាភិបាល ផ្តល់​វិញ្ញាបនបត្រ​អនុញ្ញាត​ប្រើប្រាស់​ក្នុង​លក្ខខណ្ឌ​បន្ទាន់

ភ្នំពេញ៖ វ៉ាក់សាំងកូវីដ១៩ ឈ្មោះថា COVAXIN ត្រូវបានក្រសួងសុខាភិបាល ផ្តល់វិញ្ញាបនបត្រអនុញ្ញាតប្រើប្រាស់ក្នុងលក្ខណ្ឌបន្ទាន់ ដោយប្រើតែក្នុងអំឡុងពេលគ្រោះអាសន្នសុខភាពសាធារណៈនៃជំងឺកូវីដ១៩ ដែលកំពុងកើតមាន និងប្រើក្រោមអាទិភាពរបស់រាជរដ្ឋាភិបាលដូចមានចែងក្នុងផែនការដាក់ពង្រាយវ៉ាក់សាំងជាតិបច្ចុប្បន្ន និងក្រុមមនុស្សអាទិភាព។

ជាមួយគ្នានោះ លក្ខខណ្ឌពិសេសសម្រាប់រាយការណ៍អំពីសុវត្ថិភាព និងគ្រប់គ្រងប្រតិកម្មរំខាន បន្ទាប់ពីការចាក់វ៉ាក់សាំងបង្ការ ត្រូវអនុវត្តដោយ អង្គភាពពាក់ព័ន្ធទាំងអស់ដែលមានកាតព្វកិច្ចអនុវត្តការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩។ វ៉ាក់សាំងបង្ការជំងឺកូវីដ១៩នេះ មានប្រសិទ្ធភាពចំពោះមនុស្សដែលមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ។

ការប្រកាសរបស់ក្រសួងក៏បានបញ្ជាក់ថា កម្មវិធីជាតិផ្ដល់ថ្នាំបង្ការ (NIP) នឹងដឹកនាំអង្គភាពពាក់ព័ន្ធដទៃទៀតដើម្បីអនុវត្តផែនការគ្រប់គ្រងហានិភ័យ ដោយផ្អែកលើ Risk Management Plan (RMP) ដែលផ្តល់ដោយក្រុមហ៊ុន ឬអាចរកបានពីអង្គការសុខភាពពិភពលោក និង មណ្ឌលព័ត៌មានឱសថកម្ពុជានៃនាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសំអាង កម្មវិធីជាតិផ្តល់ថ្នាំបង្ការ និង អង្គភាពពាក់ព័ន្ធដទៃទៀតត្រូវរាយការណ៍អំពីប្រតិកម្មរំខាន បន្ទាប់ពីចាក់វ៉ាក់សាំងបង្កា (AEFI) និងតាមដានវ៉ាក់សាំង រួមទាំងកំណត់ត្រាលេខឡូតិ៍ដែលបានចែកចាយទៅទីកន្លែងផ្តល់ថ្នាំបង្ការ និងដែលបានចាក់ជូនបុគ្គលម្នាក់ៗ (ត្រូវកត់ត្រាលេខឡូតឺវ៉ាក់សាំងក្នុងសៀវភៅផ្តល់ថ្នាំបង្ការ និងទម្រង់របាយការណ៍ស្តីពីប្រតិកម្មរំខាន បន្ទាប់ពីចាក់វ៉ាក់សាំងបង្ការ)

ទន្ទឹមនឹងនេះ កម្មវិធីជាតិផ្តល់ថ្នាំបង្ការត្រូវសហការជាមួយអង្គភាពដទៃទៀត ដើម្បីបង្កើនសមត្ថភាពគ្រប់គ្រងគ្លីនិកក្នុងការឆ្លើយតបបន្ទាន់ និងទាន់ពេលវេលាចំពោះប្រតិកម្មរំខាន បន្ទាប់ពីចាក់វ៉ាក់សាំងបង្ការ (ដូចជាប្រតិកម្មអាណាហ្វីឡាក់ទិច) នៅទីកន្លែង ចាក់វ៉ាក់សាំង រៀបចំប្រព័ន្ធសម្រាប់បញ្ចូន និងគ្រប់គ្រងបន្ទាន់នៃប្រតិកម្មរំខានបន្ទាប់ពីចាក់វ៉ាក់សាំងបង្ការ៕

ដោយ៖ គង់ វណ្ណៈ

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង