ភ្នំពេញ៖ រាល់ការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ និងការផ្ដល់សេវាអ៊ីនធឺណិតផ្ដាច់មុខ នៅតាមបូរី ដោយគ្មានការអនុញ្ញាតជាមុនពីនិយ័តករទូរគមនាគមន៍កម្ពុជា នឹងត្រូវលុបបំបាត់ ចាប់ពីពេលនេះ ដើម្បីការប្រកួតប្រជែងដោយស្មើភាព និងមានតម្លៃសមរម្យ។ នេះបើយោងតាមសេចក្ដីសម្រេចរបស់ទីស្ដីការគណៈរដ្ឋមន្ត្រី លេខ៦១៨ សផណ ចុះថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២១។
សេចក្ដីសម្រេចរបស់ទីស្តីការគណៈរដ្ឋមន្ត្រី បានឱ្យដឹងថា រាជរដ្ឋាភិបាលយល់ព្រមជាគោលការណ៍ ឱ្យបញ្ចប់រាល់កិច្ចសន្យាផ្តល់សិទ្ធិផ្តាច់មុខក្នុងការផ្គត់ផ្គង់សេវាអ៊ីនធឺណិត នៅតាមបុរី អនុញ្ញាតឱ្យមានប្រតិបត្តិករផ្តល់សេវាអ៊ីនធឺណិត យ៉ាងតិច ៣ ផ្ដល់សេវាក្នុងបុរី ដើម្បីប្រកួតប្រជែងដោយស្មើភាព និងមានតម្លៃសមរម្យ។
ចំពោះបុគ្គលដែលនាំចូល ផ្គត់ផ្គង់ ចែកចាយ លក់ និងដំឡើងឧបករណ៍ស្រូប និងបញ្ជូនសេវាទូរគមនាគមន៍ខុសច្បាប់ ខុសស្ដង់ដា និងក្លែងក្លាយ ដោយពុំមានការទទួលស្គាល់ថាប្រភេទពីនិយ័តករទូរគមនាគមន៍កម្ពុជា នឹងត្រូវប្រឈមមុខចំពោះច្បាប់ផងដែរ៕