×

ពិបាក​ដកដង្ហើម​ពេលពាក់ម៉ាស សាកល្បង​តិចនិក​ទាំងនេះ

ម៉ាសមានសារសំខាន់ណាស់ ដើម្បីការពារយើងពីមេរោគកូវីដ-១៩ ដែលកំពុងតែរាតត្បាតនៅពាសពេញពិភពលោក ប៉ុន្តែវាក៏អាចធ្វើឱ្យយើងពិបាកដកដង្ហើមពេលពាក់ម៉ាកដូចគ្នា ជាពិសេស ចំពោះអ្នកដែលមានជំងឺផ្លូវដង្ហើមតែម្ដង។
ម៉ាសជះឥទ្ធិពលដល់ការដកដង្ហើមដោយរបៀបណា?

ជាក់ស្ដែង សួតរបស់យើងមានតួនាទីនាំយកអុកស៊ីសែនទៅក្នុងប្រព័ន្ធរាងកាយ និងបញ្ចេញកាបូនឌីអុកស៊ីត។ នៅពេលដែលយើងពាក់ម៉ាសតឹងពេក ឬរយៈពេលយូរ វាអាចបង្ខាំងកាបូនឌីអុកស៊ីត ដែលអាចបង្កគ្រោះថ្នាក់ដល់សុខភាព។ ដូច្នេះហើយ យើងចាំបាច់ត្រូវពង្រឹងសុខភាពសួត ដើម្បីអភិវឌ្ឍភាពធន់ប្រឆាំងនឹងឧស្ម័នCO2។
គ្នាយើងអាចសាកល្បងតិចនិកមួយចំនួនខាងក្រោមនេះ ដើម្បីជួយឱ្យសួតមានសុខភាពល្អ។

១. លំហាត់ប្រាណដកដង្ហើមពីពោះ

លំហាត់ប្រាណដកដង្ហើមពីពោះ មានការពាក់ព័ន្ធនឹងពោះ សាច់ដុំពោះ និងសន្ទះទ្រូង នៅពេលដែលយើងដកដង្ហើម។ វាជួយឱ្យសន្ទះទ្រូងទាញចុះក្រោមនៅរាល់ពេលដកដង្ហើមចូល។ កត្តានេះធ្វើឱ្យសួតរបស់យើងដំណើរការកាន់តែប្រសើរជាងមុន។

២. លំហាត់ប្រាណ

នៅពេលដែលយើងហាត់ប្រាណ រាងកាយយើងអាចទទួលបានអុកស៊ីសែនចូលទៅក្នុងចរន្តឈាម និងបញ្ជូនវាទៅសាច់ដុំដែលធ្វើការ កាន់តែមានប្រសិទ្ធភាព។ ការហាត់ប្រាណជាប្រចាំ អាចជួយឱ្យសាច់ដុំត្រូវការអុកស៊ីសែន និងកាបូនឌីអុកស៊ីតតិចជាងមុន ជាហេតុធ្វើឱ្យសួតមានសុខភាពល្អ។ បន្ថែមពីនេះ វាក៏អាចជួយបង្កើនភាពរឹងមាំ និងមុខងារសាច់ដុំផងដែរ។

៣. រក្សាជាតិទឹកក្នុងរាងកាយ

ជាមួយគ្នានេះដែរ ការញ៉ាំទឹកឱ្យបានគ្រប់គ្រាន់មានសារសំខាន់ណាស់ ពីព្រោះនៅពេលដែលយើងខ្វះជាតិទឹក វាអាចធ្វើឱ្យទឹករម្អិលឡើងខាប់ និងស្អិត ដែលនាំឱ្យការដកដង្ហើមមានភាពយឺតយ៉ាវ និងធ្វើឱ្យយើងងាយកើតជំងឺ និងអាលែកហ្ស៊ី។ ហេតុនេះហើយ ចូរញ៉ាំទឹកឱ្យបានគ្រប់គ្រាន់ ដើម្បីពង្រឹងសួត ព្រមទាំងសុខភាពរាងកាយទាំងមូល។

៤. កែលម្អឥរិយាបថ

ពិតណាស់ ឥរិយាបថមិនល្អក៏អាចជះឥទ្ធិពលអវិជ្ជមានដល់សុខភាពសួតដែរ ពីព្រោះវាកាត់បន្ថយសមត្ថភាពរបស់សួត និងការដកដង្ហើមចេញ ដែលអាចបណ្ដាលឱ្យកើតជំងឺផ្លូវដង្ហើម។ ដូច្នេះហើយ គ្នាយើងគប្បីអង្គុយ ឬឈរឱ្យត្រង់ខ្លួនជានិច្ច។

៥. របបអាហារត្រឹមត្រូវ
ផ្លែឈើ និងបន្លែមានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលអាចការពារសួតពីការបំផ្លាញអុកស៊ីតកម្ម ដោយទ្រទ្រង់ដល់ជាតិសំណើមនៃផ្ទៃផ្លូវដង្ហើម។ ពពួកផ្លែប៊ឺរី ផ្លែឈើ គ្រាប់ផ្លែឈើ សូកូឡា តែបៃតង ប៉េងប៉ោះ ជាប្រភពនៃសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលយើងគប្បីបញ្ចូលទៅក្នុងរបបអាហារ៕

ប្រភព៖ Hellokrupet

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង