×

កម្ពុជា រងឥទ្ធិពល​ពី​អាកាសធាតុ​ពីរ ធ្វើឱ្យ​មាន​ភ្លៀងធ្លាក់ និងខ្យល់​ខុសពី​ធម្មតា ក្នុងសប្ដាហ៍នេះ

ភ្នំពេញ៖ យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា ព្រះរាជាណាចក្រកម្ពុជា នឹងទទួលនូវឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់ពីជើង (ប្រទេសចិន) រំកិលចុះមកក្រោម និងខ្យល់មូសុងឦសានក្នុងកម្រិតមធ្យម។

ស្ថានភាពបែបនេះ នឹងធ្វើឱ្យបណ្តាខេត្តនៅតំបន់វាលទំនាបកណ្ដាល មានសីតុណ្ហភាពអប្បបរមា ពី ១៩-២១°C សីតុណ្ហភាពអតិបរមា ពី ២៨-៣០ ºC អាចនឹងមានភ្លៀងក្នុងកម្រិតខ្សោយ លាយឡំនឹងខ្យល់ខុសពីធម្មតា (ខ្យល់រដូវ)។ នៅថ្ងៃទី២៩-៣០ ខែវិច្ឆិកា នឹងអាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅបង្គួរ លាយឡំផ្គរ រន្ទះ នៅបណ្តាខេត្តភាគខាងក្រោម។

សម្រាប់បណ្តាខេត្តដាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន សីតុណ្ហភាពអប្បបរមា មានពី ១៨-២១ °C សីតុណ្ហភាពអតិបរមា មានពី ២៩-៣១ °C អាចនឹងមានខ្យល់ខុសពីធម្មតា (ខ្យល់រដូវ)។ នៅថ្ងៃទី២៩-៣០ ខែវិច្ឆិកា នឹងអាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅបង្គួរ លាយឡំផ្គរ រន្ទះ នៅបណ្តាខេត្តខ្ពង់រាបភាគខាងកើត។

ចំណែកតំបន់មាត់សមុទ្រ សីតុណ្ហភាពអប្បបរមា មានពី ២០-២៣ °C សីតុណ្ហភាពអតិបរមា មានពី ២៨-៣០ °C អាចនឹងមានភ្លៀងក្នុងកម្រិតខ្សោយ លាយឡំនិងខ្យល់ខុសពីធម្មតា (ខ្យល់រដូវ) ។ នៅថ្ងៃទី២៩ ខែវិច្ឆិកា នឹងអាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅបង្គួរ លាយឡំផ្គរ រន្ទះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង