×

ក្រសួងបរិស្ថាន ជំរុញ​ការការពារ​បរិស្ថាន​សមុទ្រ និងផ្កាថ្ម នៅ​ប្រទេសកម្ពុជា

ភ្នំពេញ៖ កាលពីថ្ងៃទី២២ ខែវិចិ្ឆកា ឆ្នាំ២០២១ លោក ជា ស៊ីណា អគ្គនាយកនៃអគ្គនាយកដ្ឋានគាំពារបាន តំណាងក្រសួងបរិស្ថាន និង លោក Mr. Frank Jattke តំណាងក្រុមការងារអាស៊ាន GIZ បានចុះកិច្ចព្រមព្រៀងក្នុងការអនុវត្តគម្រោង “ការកាត់បន្ថយ ការប្រើប្រាស់ឡើងវិញ ការកែច្នៃ ដើម្បីការពារបរិស្ថានសមុទ្រ និងផ្កាថ្ម”។

គម្រោងនេះ មានលទ្ធផលរំពឹងទុកចំនួន ៤ រួមមានការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងការគ្រប់គ្រងចំណេះដឹងក្នុងចំណោមក្រុមការងារ អាស៊ាន ដោយផ្អែកលើ “ក្របខណ្ឌ អាស៊ាននៃសកម្មភាពលើសំណល់សមុទ្រ”, ការបង្កើតវិធានការជាតិសម្រាប់ការកាត់បន្ថយសំណល់ក្នុងចំណោមប្រទេសសមាជិកអាស៊ាន, ការបង្កើតវិធីសាស្រ្តសម្រាប់ការកាត់បន្ថយសំណល់ តាមរយៈខ្សែសង្វាក់តម្លៃ ដោយមានការចូលរួមពីវិស័យឯកជន និងចំណុចចុងក្រោយ ការបង្កើនការប្រមូល និងការកែច្នៃសំណល់នៅក្នុងក្រុង ដែលត្រូវបានជ្រើសរើសសម្រាប់គម្រោងសាកល្បងនេះ។

សម្រាប់ប្រទេសកម្ពុជា គម្រោង “ការកាត់បន្ថយ ការប្រើប្រាស់ឡើងវិញ ការកែច្នៃ ដើម្បីការពារបរិស្ថានសមុទ្រ និងផ្កាថ្ម” នឹងមានសុពលភាព បន្ទាប់ពីកិច្ចព្រមព្រៀងគម្រោងនេះ ត្រូវបានចុះហត្ថលេខារវាង GIZ និងក្រសួងបរិស្ថាន រហូតដល់ថ្ងៃទី ៣០ ខែ មិថុនា ឆ្នាំ២០២៤ ដែលគម្រោងសាកល្បងចំនួនពីរត្រូវបានជ្រើសរើស វិធីសាស្រ្តបង្កើនប្រសិទ្ធភាពនៃការបង្ការ ការប្រមូលសំណល់ និងការកែច្នៃសំណល់នៅក្នុងទីក្រុងខ្នាតមធ្យមមួយនៅតាមដងទន្លេមេគង្គដែលកម្ពុជាស្នើខេត្តក្រចេះចូលរួមអនុវត្ត និងការសាកល្បងគំនិតនៃទំនួលខុសត្រូវរបស់អ្នកផលិតបន្ថែម (EPR) រួមទាំង វិស័យក្រៅផ្លូវការ នៅក្នុងទីក្រុងភ្នំពេញ។

សូមជម្រាបថា គោលបំណងនៃគម្រោងនេះ ដើម្បីគាំទ្រប្រទេសសមាជិកអាស៊ាន ក្នុងការធ្វើឱ្យប្រសើរឡើងនូវសមត្ថភាពអនុវត្តសម្រាប់កាត់បន្ថយសំណល់សមុទ្រ ដើម្បីការពារសមុទ្រ និងផ្កាថ្ម។ ការផ្តោតលើភូមិសាស្ត្រ នៃគម្រោងសាកល្បងដែលជាប្រភពសំខាន់នៃសំណល់សមុទ្រនៅតាមប្រព័ន្ធទន្លេមេគង្គ រួមមានប្រទេសកម្ពុជា វៀតណាម ហ្វីលីពីន និងប្រទេសឥណ្ឌូណេស៊ី៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង