ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ នឹងផ្ទេរការចែកចាយឧបករណ៍តេស្តរហ័សកូវីដ១៩ ទៅប្រៃសណីយ៍កម្ពុជា ដើម្បីងាយស្រួលដល់សាធារណជនបញ្ជាទិញ ចាប់ពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១ នេះតទៅ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។
ក្រសួងកំពុងចែកចាយឧបករណ៍តេស្តរហ័ស អង់ទីហ្សែនកូវីដ១៩ Asan Easy Test ផលិតនៅប្រទេសកូរ៉េ និង Wondfo ផលិតនៅប្រទេសចិន ជូនក្រសួង-ស្ថាប័ន ក្រុមហ៊ុន សហគ្រាស រោងចក្រ មន្ទីរពេទ្យឯកជន គ្លីនិក ឱសថស្ថាន ឱសថស្ថានរងភ្នាក់ងារចែកចាយ និងសាធារណជន។ ប៉ុន្តែដើម្បីកាន់តែផ្តល់ភាពងាយស្រួល ដល់សាធារណជនបញ្ជាទិញ ចាប់ពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១ នេះតទៅ ក្រសួង នឹងផ្ទេរការចែកចាយឧបករណ៍តេស្តរហ័សទាំងពីរប្រភេទនេះ ទៅប្រៃសណីយ៍កម្ពុជា ដើម្បីបន្តចែកចាយ និងអាចផ្តល់បន្ថែមនូវសេវាកម្មដឹកជញ្ជូន។ ដូចនេះ ក្រសួង-ស្ថាប័ន ក្រុមហ៊ុន សហគ្រាស រោងចក្រ មន្ទីរពេទ្យឯកជន គ្លីនិក ឱសថស្ថាន ឱសថស្ថានរង ភ្នាក់ងារចែកចាយ និងសាធារណជន អាចបន្តបញ្ជាទិញឧបករណ៍តេស្តរហ័ស តាមប្រព័ន្ធ ស្វ័យប្រវត្តិកម្មដែលធ្លាប់ប្រើប្រាស់ពីមុនមក មានតំណភ្ជាប់ mptc.gov.kh/rt ឬ អញ្ជើញទិញដោយផ្ទាល់នៅប្រៃសណីយ៍កម្ពុជា ដែលមាន អាសយដ្ឋាន វិថីព្រះអង្គអេង (១៣) សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
សូមបញ្ជាក់ថា ចាប់តាំងពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១ កន្លងមក ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានចែកចាយឧបករណ៍តេស្ត រហ័សអង់ទីហ្សែនកូវីដ១៩ ដែលបានធ្វើឱ្យឧបករណ៍តេស្តរហ័សមានភាពសម្បូរនិងតម្លៃសមរម្យ ដែលក្រសួងស្ថាប័ន រោងចក្រ សហគ្រាសនានា និងប្រជាជនទូទៅមានលទ្ធភាពក្នុងការទិញយកទៅធ្វើតេស្ត និងបានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជាផងដែរ៕