ចិន៖ ករណីមេរោគឆ្លងកូវីដ១៩ក្នុងតំបន់របស់ប្រទេសចិន បានកើនឡើងរយៈពេលបួនថ្ងៃជាប់ៗគ្នាកាលពីថ្ងៃចន្ទ ទី២៧ ខែធ្នូ ដោយទីក្រុង Xi’an បានរាយការណ៍ពីការឆ្លងបន្ថែមទៀត ខណៈទីក្រុងដែលមានមនុស្ស ១៣លាននាក់ ស្ថិតនៅក្រោមការបិទខ្ទប់។
ទីក្រុង Xi’an បានរាយការណ៍ពីករណីកូវីដ១៩ថ្មីចំនួន ១៧៥ករណី ដែលកើនឡើងពីមួយថ្ងៃមុន ដែលមាន ១៥០ករណី។ នេះបើយោងតាមទិន្នន័យផ្លូវការបានបង្ហាញនៅថ្ងៃអង្គារ ទី២៨ ខែធ្នូ។
មិនមានការឆ្លងវីរុសអូមីក្រុង ត្រូវបានរកឃើញនៅឡើយទេ ក្នុងចំណោមអ្នកឆ្លងកូវីដ១៩ដែលត្រូវបានបញ្ជាក់ចំនួន ៨១០ករណីនៅក្នុងទីក្រុង Xi’an ចាប់ពីថ្ងៃទី៩ ខែធ្នូដល់ថ្ងៃទី២៧ ខែធ្នូ។ ប្រទេសចិន បានរាយការណ៍ថាមានការឆ្លងវីរុសអូមីក្រុង ក្នុងចំណោមអ្នកធ្វើដំណើរអន្តរជាតិ នៅភាគខាងត្បូងប្រទេស។
ទូទាំងប្រទេសចិនដីគោក បានរកឃើញករណីសរុបចំនួន ១៨២ សម្រាប់ថ្ងៃចន្ទ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់គណៈកម្មការសុខភាពជាតិធៀបនឹង ១៦២ករណីកាលពីមួយថ្ងៃមុន និងជាការកើនឡើងចំនួនបួនថ្ងៃជាប់ៗគ្នា៕