ក្នុងពេលពិភពលោកកំពុងមានភាពចលាចលពីជំងឺ COVID-19 ត្រូវការឱ្យយើងគ្រប់គ្នាថែទាំសុខភាពបានល្អ ទាំងអនាម័យ និងអាហារដែលញ៉ាំរាល់ថ្ងៃដើម្បីសុខភាព ប៉ុន្តែមានអាហារមួយចំនួនដែលមិនត្រូវញ៉ាំក្នុងពេលនេះទេ ព្រោះវាអាចប៉ះពាល់ប្រព័ន្ធការពាររាងកាយរបស់យើងខ្លាំង។ លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសជំងឺទូទៅ បានប្រាប់ឱ្យដឹងពីប្រភេទអាហារប៉ុន្មានខាងក្រោមដែល មិនល្អចំពោះប្រព័ន្ធការពាររបស់យើង បើញ៉ាំញឹកញាប់រួមមាន៖
១. Fast food
ការញ៉ាំអាហារ fast food ជាប្រចាំអាចធ្វើឱ្យប្រព័ន្ធភាពស៊ាំមានការប្រែប្រួលចំពោះការឆ្លើយតបទៅនឹងបញ្ហាសំខាន់ផ្សេងៗដោយ ធ្វើឲ្យស្ថានភាពប្រុងប្រយ័ត្នខ្ពស់របស់ប្រព័ន្ធភាពស៊ាំដំណើរការក្នុងរយៈពេលយូរ។
២. អាហារមានជាតិស្ករខ្ពស់
ស្ករមានផលប៉ះពាល់ដោយផ្ទាល់ទៅលើប្រព័ន្ធភាពស៊ាំ ដោយស្ករប្រជែងយកកន្លែងរបស់វីតាមីន C ដែលជាសារធាតុចិញ្ចឹមសំខាន់សម្រាប់ប្រព័ន្ធភាពស៊ាំក្នុងការដំណើរការ។ នៅពេលមានជាតិស្ករច្រើនក្នុងរាងកាយ ប្រព័ន្ធភាពស៊ាំកាន់តែមានការលំបាកក្នុងការទទួលវីតាមីន C ដែលនេះធ្វើឱ្យប្រព័ន្ធភាពស៊ាំបាត់បង់ប្រសិទ្ធភាពដល់ ៤០% និងមានរយៈពេលច្រើនម៉ោងក្រោយពីញ៉ាំជាតិស្ករ។
៣. ទឹកក្រូចគ្មានជាតិស្ករ (Diet Soda)
ត្បិតតែវាគ្មានជាតិស្ករ ក៏ប៉ុន្តែទឹកក្រូចគ្មានជាតិស្ករពោរពេញទៅដោយគ្រឿងផ្សំសប្បិនិម្មិត រួមមានសារធាតុធ្វើឱ្យផ្អែមដូចជា aspartame saccharin និង sucralose សុទ្ធតែជាសារធាតុដែលមិនជំនួយដល់ប្រព័ន្ធភាពស៊ាំទេ។ សារធាតុទាំងនេះ អាចកាត់បន្ថយកម្រិតនៃបាក់តេរីល្អនៅក្នងគ្រឿងក្នុង និងមានឥទ្ធិពលអាក្រក់ទៅលើការធ្វើមេតាប៉ូលីស ជាតិស្ករ ដែលធ្វើឱ្យរាងកាយពិបាកក្នុងការឆ្លើយតបនឹងបញ្ហានានា។
៤.ភេសជ្ជៈមានជាតិអាល់កុល
ការផឹកស្រាមួយកែវយូរៗម្តង វាមិនមានប៉ះពាល់អីដល់សុខភាពទេ ប៉ុន្តែអង្គការសុខភាពពិភពលោក បានឱ្យដឹងថា ការផឹកស្រាញឹកញាប់អាចប៉ះពាល់ដល់ដំណើរការធម្មតារបស់ប្រព័ន្ធភាពស៊ាំ។ លើសពីនេះ ការផឹកស្រាអាចប៉ះពាល់ដល់អ័រម៉ូនដែលរំខានដល់ចង្វាក់ Circadian ហើយវាក៏អាចប៉ះពាល់ដល់វដ្ដនៃការគេងបានដែរ ព្រោះវាផ្សារភ្ជាប់យ៉ាងជិតស្និទ្ធទៅនឹងមុខងារប្រព័ន្ធភាពស៊ាំរបស់យើង។
៥. ជាតិកាហ្វេអ៊ីន
នៅពេលព្រឹកបើបានដាក់កាហ្វមួយកែវ អារម្មណ៍ដឹងតែស្រស់ថ្លាតែម្តង តែការដែលផឹកកាហ្វេហើយធ្វើឱ្យយើងមានអារម្មណ៍ស្វាងនៅពេលព្រឹក អាចប៉ះពាល់ដល់ការជម្រុញកម្រិតអ័រម៉ូន Cortisol ជាហេតុដែលអាចបណ្តាលឱ្យមានផលប៉ះពាល់មួយចំនួនដល់ដំណើរការប្រព័ន្ធភាពស៊ាំផងដែរ៕
ប្រភព៖ Hellokrupet