យើងបានដឹងហើយថា វ៉ារ្យង់អូមីក្រុងមានការឆ្លងយ៉ាងឆាប់រហ័សជាងវ៉ារ្យង់កូវីដ-១៩មុនៗ។ ប៉ុន្តែ ថ្មីៗនេះ មន្ត្រីសុខាភិបាលនៃចក្រភពអង់គ្លេសបានរាយការណ៍អំពីវីរុសបំប្លែងថ្មីមួយប្រភេទទៀត គឺវីរុសកូវីដ-១៩ ប្រភេទXE ដែលមានអនុភាពឆ្លងកាន់តែខ្លាំងជាងមុនទៅទៀត។ វីរុសប្រភេទXEនេះ ជាការរួមបញ្ចូលគ្នានៃវ៉ារ្យង់អូមីក្រុងBA.1 និងBA.2។
អង្គការសុខភាពពិភពលោក បានឱ្យដឹងថា អត្រានៃការឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត គឺឆាប់រហ័សជាងវ៉ារ្យង់អូមីក្រុងBA.2ដល់ទៅ១០% ដែលធ្វើឱ្យវីរុសបំប្លែងថ្មីនេះ ក្លាយជាវីរុសដែលឆ្លងលឿនជាងគេបំផុតនៅពេលបច្ចុប្បន្ន។
រោគសញ្ញាថ្មីនៃវីរុសកូវីដ-១៩
ខណៈពេលដែលវីរុសកូវីដ-១៩ បង្ហាញរោគសញ្ញាជាច្រើន សេវាសុខាភិបាលជាតិនៃចក្រភពអង់គ្លេសបានបន្ថែមរោគសញ្ញាមួយចំនួនទៀត ដែលយើងមិនគួរមើលរំលងឡើយ។
រោគសញ្ញាទាំងនេះរួមមាន៖
• ដកដង្ហើមខ្លីៗ
• អស់កម្លាំងខ្លាំង
• ឈឺខ្លួនប្រាណ
• ឈឺបំពង់ក
• ឈឺក្បាលខ្លាំង
• ហៀរសំបោរ
• រាករូស
• មិនឃ្លានអាហារ
• មិនស្រួលខ្លួន
រោគសញ្ញាទូទៅមួយចំនួនទៀតនៃវីរុសកូវីដ-១៩ មានដូចជា ក្ដៅខ្លួន ក្អកមិនបាត់ បាត់បង់ក្លិន និងរសជាតិ។ យ៉ាងណាមិញ ជាមួយនឹងវត្តមាននៃវីរុសបំប្លែងថ្មីៗជាបន្តបន្ទាប់ គ្នាយើងគួរយល់ដឹងឱ្យបានច្បាស់លាស់ពីរោគសញ្ញាថ្មីៗ ទើបជាការប្រសើរ៕
ប្រភព៖ Hellokrupet