ភ្នំពេញ៖ ដោយសាររថយន្តគ្រួសារមួយចំនួន បានកែច្នៃដំឡើងម៉ូដែល (ឡើងស៊េរី) រថយន្តដោយមិនត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស និងគ្មានការអនុញ្ញាតពីក្រសួងសាធារណការ និងដឹកជញ្ជូន បានបណ្តាលឱ្យប៉ះពាល់ដល់ផ្នែកសុវត្ថិភាពរបស់យាន និងបានធ្វើឱ្យ ប្រែប្រួលអត្តសញ្ញាណសម្គាល់របស់រថយន្ត ហើយសកម្មភាពនេះបានផ្ទុយពីច្បាប់ស្តីពីការគ្រប់គ្រងយានដ្ឋានជួសជុល និងយានដ្ឋានកែច្នៃ ដំឡើងយានយន្ត។
ហេតុដូចនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន នឹងមិនអនុញ្ញាតឱ្យរថយន្តដែលបានកែច្នៃដំឡើងម៉ូដែលរថយន្ត ដូចជា ប្រព័ន្ធចង្កូត ប្រព័ន្ធទ្រ សាក់ស៊ី និងគ្រោងតួ និងគ្មានការអនុញ្ញាត ចូលត្រួតពិនិត្យលក្ខណៈបច្ចេកទេស (ឆៀក) ឬចុះបញ្ជីផ្តល់បណ្ណសម្គាល់ និងបំពាក់ផ្លាកលេខសម្គាល់យានជំនិះឡើយ។
ក្រសួងបន្តថា ក្រសួង នឹងចាត់វិធានការចុះបិទផ្អាកសកម្មភាពធ្វើអាជីវកម្មនៅទីតាំងយានដ្ឋានកែច្នៃដំឡើងរថយន្ត ដែលធ្វើសកម្មភាពកែច្នៃដំឡើងម៉ូដែលរថយន្ត ដែលប៉ះពាល់ដល់ផ្នែកសុវត្ថិភាពរបស់យាន និងមិនបានស្នើសុំការអនុញ្ញាតកែច្នៃដំឡើង៕