សុរិន្ទ៖ ច្រៀងភ្លេងជាតិអត់ឮនឹងត្រូវកាត់ ១០ពិន្ទុ ដោយសារបង្ហាញពីការមិនស្នេហាជាតិ។ នេះបើយោងតាមវិន័យរបស់សាលារៀនមួយនៅខេត្តសុរិន្ទ ប្រទេសថៃ។
ការពិន័យនេះ ត្រូវបានអនុវត្តនៅសាលា Sangkha ដែលមានកំណត់ក្នុងសៀវភៅតាមដាន ស្ដីអំពីអាកប្បកិរិយារបស់សិស្សានិសិស្ស ចំពោះជាតិនិយម សាសនា ឬរាជានិយម។
មានចំណុចជាច្រើនផ្សេងទៀតដែលសិស្សានុសិស្សត្រូវកាត់ពិន្ទុ។ ការមិនចូលរួមច្រៀងទេ ត្រូវកាត់ ៥ពិន្ទុ។ ការឈរតម្រង់ជួរមិនត្រង់ពេលគោរពទង់ជាតិ ត្រូវដក ១០ពិន្ទុផងដែរ។ ជារួមពិន្ទុដែលផ្ដល់ជូនអាកប្បកិរិយា ដែលបង្ហាញពីការគោរពដល់ស្ថាប័ន ជាតិ សាសនា ព្រះមហាក្សត្រ មាន ៥០ពិន្ទុ ។
សិស្សម្នាក់ៗ អាចទទួលបាន ១០០ពិន្ទុចំពោះអាកប្បកិរិយាខាងលើ។ យោងតាមការបង្ហោះនៅលើបណ្ដាញសង្គមក្នុងប្រទេសថៃ កាលពីសប្ដាហ៍មុន សាលារៀននេះ ត្រូវបានរិះគន់ថាជាស្ថាប័នដែលកុម្មុយនិស្ត។
កាលពីឆ្នាំមុន សាលារៀនមួយនៅភាគខាងជើងទីក្រុងបាងកក បានប្រើឧបករណ៍វាស់ស្ទង់សំឡេង ដើម្បីដាក់ទណ្ឌកម្មសិស្សដែលមិនស្រែកច្រៀងភ្លេងជាតិឱ្យឮ៕