កោះកុង៖ កូនអណ្តើកហ្លួងចំនួន ៣០ក្បាល បានញាស់ចេញពីសម្បុកនៅ លើឆ្នេរខ្សាច់សប្បនិម្មិតក្នុងមជ្ឈមណ្ឌលអភិរក្សសត្វល្មូនកោះកុង កាលពីសប្តាហ៍កន្លងទៅ។ នេះគឺជាលើកទីពីរហើយ ដែលអណ្តើកហ្លួងចិញ្ចឹមក្នុងមជ្ឈមណ្ឌលនេះបានពងកូន។
ក្នុងរដូវពងកូនឆ្នាំ២០២២នេះ ក្រុមអណ្ដើកហ្លួងចិញ្ចឹមសម្រាប់បង្កាត់ពូជ នៅក្នុងមជ្ឈមណ្ឌលអភិរក្សសត្វល្មូនកោះកុង ពងបានចំនួន ៩សម្បុក ស្មើ ៨១ពង ហើយញាស់បានចំនួន ៣០កូន បើប្រៀបធៀបទៅនឹងរដូវពងកូន ឆ្នាំ២០២១ គឺញាស់បានតែមួយក្បាលគត់ក្នុងចំណោមពង៥សម្បុកដែលមាន ៧១ពង។
ដោយឡែក មេអណ្ដើកចិញ្ចឹមចំនួនពីរក្បាល នៅឯមជ្ឈមណ្ឌលអង្គរ សម្រាប់ការអភិរក្សជីវៈចម្រុះ ដែលជាមជ្ឈមណ្ឌលថែរក្សា និងបង្កាត់ពូជសត្វកម្រទីពីរនិងជាដៃគូរបស់អង្គការ WCS ពងបាន២សម្បុក (ស្មើ ១៦ពង)។ ក៏ប៉ុន្តែ ញាស់បានតែមួយក្បាលប៉ុណ្ណោះ ហើយកូនអណ្ដើកនោះ បានបញ្ជូនទៅកាន់មជ្ឈមណ្ឌលអភិរក្សសត្វល្មូនកោះកុង។ ដូច្នេះកូនអណ្ដើកហ្លួងញាស់បានក្នុងរដូវពងកូនឆ្នាំនេះ សរុបមានចំនួន ៣១ក្បាល។
បច្ចុប្បន្ន មជ្ឈមណ្ឌលអភិរក្សសត្វល្មូនកោះកុង មានអណ្ដើកហ្លួងចំនួន ១៨៦ក្បាល។ អណ្តើកហ្លួងជំទង់ចំនួន ១៤៧ក្បាល ត្រូវបានលែងចូលទៅក្នុងទីជម្រកធម្មជាតិវិញចាប់តាំងពីឆ្នាំ ២០១៥មក បូករួមទាំងអណ្ដើកហ្លួង ៥១ក្បាលដែលបានលែងកាលពីចុងឆ្នាំ ២០២១។ អណ្ដើកស្ទើរជំទង់និងជំទង់នៅក្នុងមជ្ឈមណ្ឌលនេះ ត្រូវបាន ចិញ្ចឹមថែទាំនៅក្នុងស្រះបង្កាត់ពូជចំនួន ៤។ ចំណែកឯ អណ្ដើកតូចៗ ត្រូវបានដាក់ចិញ្ចឹមនៅក្នុងអាងធំធ្វើពី ប្លាស្ទីក មុននឹងផ្ទេរចូលទៅក្នុងស្រះបង្កាត់ពូជ។ កូនអណ្ដើកហ្លួង ដែលទើបនឹងញាស់ទាំងនេះ នឹងត្រូវចិញ្ចឹម ថែទាំនៅក្នុងមជ្ឈមណ្ឌលរយៈពេលប្រហែល ៤ឆ្នាំ រហូតដល់វាធំល្មមអាចសម្របខ្លួននឹងធម្មជាតិ និងការពារខ្លួនឯងបាន ទើបលែងចូលទៅក្នុងទីជម្រកធម្មជាតិតាមប្រព័ន្ធព្រែកស្រែអំបិលវិញ។
កាលពីបុរាណ អណ្តើកហ្លួងជាព្រះរាជសម្បតិ្តរបស់ព្រះរាជវង្សានុវង្ស។ តាមរយៈនៃការចាប់ និងប្រមូលពងដោយប្រជាពលរដ្ឋ ដើម្បីយកទៅថ្វាយព្រះមហាក្សត្រ និងគ្រួសារព្រះរាជវង្ស និងដោយឃើញរូបរាងស្អាត និងការស្រឡាញ់ ព្រះមហាក្សត្រ ក៏បានដាក់ព្រះរាជបញ្ជាឱ្យមានការយាមកាម និងការពារចំពោះអណ្តើក រហូតដល់ប្រជារាស្រ្តហៅអណ្តើកប្រភេទនេះថា «អណ្តើកហ្លួងៗ» តរហូតមកដល់សព្វថ្ងៃនេះ។ ក្រោយមក ប្រជាជនខ្មែរដែលបានជួបប្រទះ ឬចាប់បានអណ្តើកហ្លួង ភាគច្រើន តែងតែយកមកលាងសម្អាត លាបប្រេងម្សៅ និងនិមន្តព្រះសង្ឃសូត្រធម៌ បួងសួងសុំសេចក្តីសុខ រួចលែងវាចូលទៅទីជម្រកដើមក្នុងធម្មជាតិវិញ៕