ថៃ៖ ប្រទេសថៃ បានជំរុញឱ្យប្រជាជនជៀសវាងការទទួលទានសាច់សត្វព្រៃ និងការនាំចូលសត្វពីប្រទេសដែលមិនស្គាល់ប្រភពច្បាស់លាស់ បន្ទាប់ពីមានការផ្ទុះឡើងនៃជំងឺអុតស្វា (Monkeypox) នាពេលថ្មីៗនេះ។
នាយកដ្ឋានគ្រប់គ្រងជំងឺឆ្លងថៃ ថា មិនមានករណីជំងឺនេះ ត្រូវបានរកឃើញនៅក្នុងប្រទេសថៃទេគិតមកទល់ពេលនេះ។ រដ្ឋាភិបាលថៃ បានណែនាំក្រសួងសុខាភិបាល ឱ្យបង្កើតមជ្ឈមណ្ឌលបញ្ជាការវិបត្តិសុខភាពសាធារណៈមួយ ដើម្បីជាការត្រៀមឆ្លើយតបនឹងជំងឺអុតស្វា ហើយពង្រាយកម្លាំងត្រួតពិនិត្យអ្នកធ្វើដំណើរមកពីប្រទេសដែលរកឃើញជំងឺអុតស្វា។
អង្គការសុខភាពពិភពលោក បានជំងឺអុតស្វាប្រហែល ៨០ករណីនៅទូទាំងពិភពលោក ហើយ ៥០ករណីមកពីប្រទេសចំនួន ១១ ដែលមិនមានជាកន្លែងឆ្លងចម្បងជាងគេ។ ករណីទី១ ត្រូវបានរកឃើញនៅក្នុងប្រទេសអង់គ្លេស ដែលគាត់បានធ្វើដំណើរទៅប្រទេសនីហ្សេរីយ៉ា កាលពីចុងខែមេសា។
ប្រព័ន្ធផ្សព្វផ្សាយថៃបានរាយការណ៍ថា អ្នកកើតជំងឺអុតស្វា ត្រូវបានរកឃើញនៅក្នុងប្រទេសចំនួន ១៥ រួមមានប្រទេសអង់គ្លេស អេស្ប៉ាញ ព័រទុយហ្គាល់ អ៊ីតាលី បែលហ្ស៊ិក បារាំង អាល្លឺម៉ង់ ស៊ុយអែត សហរដ្ឋអាមេរិក កាណាដា អូទ្រីស អ៊ីស្រាអែល ហូឡង់ ស្វីស និងក្រិក។
លោក Opas Kankawinpong នាយកនៃនាយកដ្ឋានគ្រប់គ្រងជំងឺឆ្លងថៃ បានពន្យល់ប្រាប់សារព័ត៌មានថៃថា លោកបានដឹងយ៉ាងច្បាស់អំពីហានិភ័យនៃជំងឺស្វា មកប្រទេសថៃ បន្ទាប់ពីការបន្ធូរបន្ថយវិធានការធ្វើដំណើរនាពេលថ្មីៗនេះ ប៉ុន្តែនិយាយថា នាយកដ្ឋានកំពុងតាមដានយ៉ាងដិតដល់ចំពោះអ្នកដែលមកពីប្រទេសទាំងនោះដែលមានហានិភ័យបំផុត។ ចន្លោះពីថ្ងៃទី១ ដល់ថ្ងៃទី២២ ខែឧសភា អ្នកធ្វើដំណើរ ១៣.១៤២ នាក់បានមកដល់ពីប្រទេសអង់គ្លេស ១.៣៥២នាក់មកពីប្រទេសអេស្ប៉ាញ និង ២៦៨នាក់មកពីប្រទេសព័រទុយហ្គាល់។
នាយកវិទ្យាស្ថានសើស្បែក លោក Mingkwan Wichaidit បានបង្ហាញពីរោគសញ្ញានៃជំងឺអុតស្វា រួមមានគ្រុនក្តៅ ឈឺសាច់ដុំ ឈឺក្បាល និងរលាក lymphadenitis ក្នុងរយៈពេល៣ថ្ងៃដំបូង កន្ទួលលើមុខ ហើយរាលដាលទៅផ្នែកផ្សេងទៀតនៃរាងកាយ។ កន្ទួលនេះ វិវឌ្ឍទៅជាពងបែក ហើយបន្ទាប់មក វានឹងបែក។ រោគសញ្ញា មានរយៈពេលចន្លោះពី ២ ទៅ ៤សប្តាហ៍។ លោកបានជំរុញឱ្យប្រជាពលរដ្ឋលាងដៃជាមួយសាប៊ូ និងអាល់កុលឱ្យបានញឹកញាប់ពេញមួយថ្ងៃ។ លោកក៏ប្រាប់ប្រជាពលរដ្ឋ កុំឱ្យប៉ះពាល់សត្វព្រៃ ការបរិភោគសាច់សត្វ និងការនាំចូលសត្វពីប្រទេស ដែលមិនស្គាល់អត្តសញ្ញាណ៕