អាមេរិក៖ សហរដ្ឋអាមេរិក កំពុងឆ្លើយតបទៅនឹងសំណើសម្រាប់ការបញ្ចេញវ៉ាក់សាំងជំងឺអុតស្វា ពីស្តុកជាតិ ខណៈករណីផ្ទុះឡើងជាសាកល កំពុងស្ថិតក្រោមការស៊ើបអង្កេត។
មជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺ CDC របស់សហរដ្ឋអាមេរិក បាននិយាយកាលពីថ្ងៃចន្ទ ទី២៣ ខែឧសភា ថា មានករណីដែលត្រូវបានបញ្ជាក់នៃជំងឺអុតស្វា និងករណីសង្ស័យចំនួន៤ នៅក្នុងសហរដ្ឋអាមេរិក។
វេជ្ជបណ្ឌិត Jennifer McQuiston អនុប្រធានមជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺអាមេរិក បាននិយាយថា សហរដ្ឋអាមេរិកមានវ៉ាក់សាំង ព្រោះខ្លួនបាននិងកំពុងត្រៀមសម្រាប់តម្រូវការដែលអាចមាន សម្រាប់ជំងឺ Smallpox ។ វ៉ាក់សាំងឈ្មោះ Jynneos ត្រូវបានផ្តល់អាជ្ញាបណ្ណដើម្បីការពារជំងឺ Smallpox និងជាពិសេសដើម្បីការពារជំងឺអុតស្វា (Monkeypox)។ វាតម្រូវឱ្យអ្នកចាក់ចំនួន ២ដូស។
លោកស្រី McQuiston បាននិយាយថា៖ “ឥឡូវនេះ យើងមានវ៉ាក់សាំងជាង ១០០០ដូស ដែលអាចប្រើបាន ហើយយើងរំពឹងថាចំនួននឹងកើនឡើងយ៉ាងឆាប់រហ័ស ក្នុងប៉ុន្មានសប្តាហ៍ខាងមុខនេះ ដោយសារក្រុមហ៊ុនផ្តល់វ៉ាក់សាំងបន្ថែមទៀតដល់យើង”។
លោកស្រីបានបន្តថា មានវ៉ាក់សាំងការពារជំងឺ Smallpox មួយផ្សេងទៀតដែលមានអាជ្ញាបណ្ណនៅសហរដ្ឋអាមេរិក ពោលគឺ វ៉ាក់សាំង ACAM2000 ដែលអាចប្រើដើម្បីការពារជំងឺអុតស្វា ហើយមានច្រើនជាង ១០០លានដូស។
CDC អាមេរិក បាននិយាយថា ករណីជំងឺអុតស្វារបស់អាមេរិក ដែលបានបញ្ជាក់គឺកើតលើបុរសម្នាក់ក្នុងរដ្ឋ Massachusetts ហើយករណីសង្ស័យចំនួន ៤ កើតលើបុរសក្នុង ទីក្រុង New York រដ្ឋ Florida និង Utah។
វេជ្ជបណ្ឌិត John Brooks ដែលជាប្រធានផ្នែកការពារមេរោគអេដស៍របស់ CDC បាននិយាយថា ជំងឺអុតស្វា អាចឆ្លងតាមរយៈការទំនាក់ទំនងក្នុងពេលរួមភេទ។ លោកបន្តថា ការផ្ទុះឡើងចុងក្រោយ អាចឆ្លង ឬរីករាលដាលក្នុងចំណោមបុរសស្រឡាញ់ភេទដូចគ្នា និងអ្នកស្រលាញ់ភេទដូចគ្នា៕