ព្រះវិហារ៖ ទីភ្នាក់ងារគម្រោងUSAID ព្រៃឡង់បៃតង បានផ្តល់ជំនួយដល់អង្គការអនាគតយើង (OFO) ដើម្បីធ្វើការវាយតម្លៃជីវចម្រុះ និងតំបន់ដែលមានតម្លៃអភិរក្សខ្ពស់នៅក្នុងដែនជម្រកសត្វព្រៃភ្នំត្នោត-ភ្នំពក ក្នុងខេត្តព្រះវិហារ។ ការវាយតម្លៃត្រូវបានធ្វើឡើងដើម្បីកំណត់ និងពិពណ៌នាអំពីជីវចម្រុះ និងតំបន់ដែលមានតម្លៃអភិរក្សខ្ពស់ ដែលមាននៅក្នុងដែនជម្រកសត្វព្រៃនេះ។
ការសិក្សាបានកត់ត្រាសត្វព្រៃចំនួន ៧៣ប្រភេទ ក្នុងនោះ ប្រភេទថនិកសត្វមាន ២២ ប្រភេទ បក្សី ៤៩ ប្រភេទ និងសត្វល្មូនចំនួន ២ ប្រភេទ ហើយក្នុងនោះដែរ សត្វ១២ប្រភេទ ត្រូវបានចុះបញ្ជីដោយIUCN ថាជិតផុតពូជ ងាយរងគ្រោះ ឬជិតរងការគំរាមកំហែង។
ប្រភេទសត្វជិតផុតពូជដែលត្រូវបានគេកំណត់អត្តសញ្ញាណនៅក្នុងរបាយការនេះរួមមាន ទន្សោង សត្វអាញី, សត្វស្វាព្រាម និងសត្វក្ងោក។
ការវាយតម្លៃជីវចម្រុះ HCV 1 ត្រូវបានធ្វើឡើងដោយការវិភាគទិន្នន័យកាមេរ៉ាស្វ័យប្រវត្តិ ដែលទទួលបានក្នុងរយៈពេលពីរឆ្នាំ (២០២០ និង ២០២១) ក៏ដូចជាការបញ្ចូលនិងពិនិត្យមើលទិន្នន័យសត្វព្រៃដែលមានស្រាប់របស់អង្គការOFO។ ការវាយតម្លៃនៃ HCV 2 (ប្រព័ន្ធអេកូឡូស៊ីកម្រិតតំបន់ទេសភាព) និង HCV 3 (ប្រព័ន្ធអេកូឡូស៊ីកម្រ គំរាមកំហែង និងជិតផុតពូជ និងទីជម្រក) ត្រូវបានធ្វើឡើងតាមរយៈការពិនិត្យឡើងវិញនូវឯកសារដែលមានស្រាប់។
កត្តាគំរាមកំហែងចម្បងទៅលើដែនជម្រកសត្វព្រៃភ្នំត្នោត-ភ្នំពក គឺសក្តានុពលនៃសម្បទានដីសេដ្ឋកិច្ចក្នុងការជីកយករ៉ែ ការទន្ទ្រានយកដីធ្វើកសិកម្ម និងការបរបាញ់ ហើយជម្លោះមនុស្ស និងសត្វព្រៃក៏កំពុងក្លាយជាកង្វល់ផងដែរ។ និន្នាការបច្ចុប្បន្នបង្ហាញថា បើគ្មានគម្រោងរេដបូក(REDD+) ដែលកំពុងត្រូវបានដំណើរការក្នុងតំបន់នេះទេ ក្នុងរយៈពេល៣០ឆ្នាំខាងមុខ តំបន់ការពារធម្មជាតិនេះមានការបាត់បង់ព្រៃឈើនិងមានការរិចរឹល ដោយសារការចូលទៅក្នុងតំបន់នេះតែងាយស្រួល និងការបរបាញ់ច្រើន។
លទ្ធផលស្រាវជ្រាវការវាយតម្លៃនេះ គឺត្រូវបានប្រើប្រាស់ជាមូលដ្ឋានសម្រាប់គម្រោងរេដបូក ហើយវានឹងត្រូវបានធ្វើឡើងរៀងរាល់បីឆ្នាំម្តង ដើម្បីតាមដាននិន្នាការសត្វព្រៃ និងជីវចម្រុះ។ គម្រោងរេដបូក នឹងជួយផ្តល់សុវត្ថិភាពសម្រាប់ប្រភេទសត្វសំខាន់ៗទាំងនេះនាពេលអនាគត និងដោះស្រាយបញ្ហាជីវភាពសម្រាប់សហគមន៍ក្នុងនិងជុំវិញតំបន់ការពារធម្មជាតិ៕