
ថៃ៖ ប៉ូលីសចំនួន៦នាក់ រួមទាំងអតីតអធិការស្រុក Muang Nakhon Sawan ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារអស់មួយជីវិត នៅថ្ងៃពុធ ទី៨ ខែមិថុនានេះ ពីបទធ្វើទារុណកម្មជនសង្ស័យគ្រឿងញៀនរហូតដល់ស្លាប់ ដោយប្រើប្រាស់ថង់ប្លាស្ទិកគ្របក្បាលឱ្យថប់ដង្ហើម។

ដំបូងឡើយ តុលាការថៃ បានសម្រេចកាត់ទោសប្រហារជីវិតពួកគេ។ ប៉ុន្តែទោស ត្រូវបានសម្រាលមកជាការជាប់ពន្ធនាគារអស់មួយជីវិតវិញ ដោយសារពួកគេ បានសារភាពពី ទង្វើមួយចំនួនក្នុងការប៉ុនប៉ងសង្គ្រោះជនសង្ស័យ និងការផ្តល់ជំនួយហិរញ្ញវត្ថុដល់គ្រួសារជនរងគ្រោះ។
អតីតអធិការ Thitisan Utthanaphon អាយុ ៣៩ឆ្នាំ ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារអស់មួយជីវិតជាមួយអ្នកក្រោមបង្គាប់របស់គាត់ ៥នាក់ផ្សេងទៀត។ លោក Thitisan ត្រូវបានគេស្គាល់ដោយរហស្សនាមថា “Jo Ferrari” ដោយសារតែគាត់មានរថយន្តប្រណីតជាច្រើនគ្រឿង។
គួរជម្រាបថា ចន្លោះពីថ្ងៃទី៤-៦ ខែសីហា ឆ្នាំ២០២១ ពួកគេបានឃាត់ខ្លួនជនសង្ស័យគ្រឿងញៀន ឈ្មោះ Jeerapong Thanapat អាយុ២៤ឆ្នាំ យកមកសាកសួរនៅស្រុក Nakhon Sawan ។ អំឡុងពេលសាកសួរ ពួកគេបានយកថង់ប្លាស្ទិកមកគ្របក្បាលជនសង្ស័យ បណ្ដាលឱ្យ ស្លាប់។ វីដេអូឃ្លីបនៃការសួរដេញដោល ត្រូវបានបែកធ្លាយ ទោះបីជាកាមេរ៉ាសុវត្ថិភាពនៅកន្លែងកើតហេតុត្រូវបានគេលួចដកចេញភ្លាមៗក៏ដោយ៕



