×

ប្រទះឃើញ​សត្វរមាំង​ជាលើកដំបូង​ក្នុង​ពេលជិត២០ឆ្នាំ នៅ​ដែនជម្រក​សត្វព្រៃកែវសីមា

មណ្ឌលគិរី៖ អង្គការ WCS បានធ្វើការចែករំលែកនូវរូបភាពសត្វរមាំង ដែលថតបានជាលើកដំបូងនៅក្នុងដែនជម្រកសត្វព្រៃកែវសីមាខេត្តមណ្ឌលគិរី ដោយម៉ាស៊ីនថតសត្វស្វ័យប្រវត្តិ ក្រោយពីសត្វប្រភេទនេះ បានបាត់វត្តមាននៅក្នុងតំបន់នេះ អស់រយៈពេលជិត២០ឆ្នាំ។

បើតាមរូបថត សត្វរមាំងជំទង់បីក្បាល កំពុងដើររកចំណីនៅក្នុងព្រៃក្នុងអំឡុងខែមេសា ឆ្នាំ២០២២។
សត្វរមាំង ត្រូវបានចាត់ចំណាត់ថ្នាក់ជាប្រភេទជិតផុតពូជជាសាកល នៅក្នុងបញ្ជីក្រហមរបស់អង្គការ IUCN និងជាប្រភេទសត្វដែលមានដោយកម្របំផុតនៅកម្ពុជា ដោយសារចំនួនរបស់វាបានថយចុះយ៉ាងខ្លាំងស្ទើរជិតផុតពូជ។

រូបភាពទាំងនេះបានបញ្ជាក់ច្បាស់ថា សត្វរមាំងនៅមានវត្តមាននៅក្នុងដែនជម្រកសត្វព្រៃកែវសីមា នៅឡើយ។ កត្តាគំរាមកំហែងចំពោះសត្វរមាំងរួមមាន ការដាក់អន្ទាក់ ការប្រមាញ់ និងការបាត់បង់ទីជម្រក។ ប្រសិនបើគ្មានចំណាត់ការអភិរក្សបន្ទាន់ទេ សត្វរមាំងនៅកម្ពុជាទំនងជាអាចនឹងផុតពូជក្នុងពេលឆាប់ៗខាងមុខ។ ក៏ប៉ុន្តែ វាមិនទាន់ហួសពេលនៅឡើយទេក្នុងការការពារសត្វរមាំងកុំឱ្យផុតពូជ នៅកម្ពុជា។ ការពិចារណាលើការបង្កើតឱ្យមានកម្មវិធីបង្កាត់ពូជសត្វរមាំងនៅក្នុងមជ្ឈមណ្ឌលអាចជាជម្រើសមួយដើម្បីចូលរួមអភិរក្សសត្វប្រភេទនេះកុំឱ្យផុតពូជបាន៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង