×

ចេះ ៦តិចនិក​នេះ អាច​ជួយ​បង្ការ​ជំងឺ​ខ្សោយបេះដូង

ជំងឺខ្សោយបេះដូងកើតឡើងនៅពេលសាច់ដុំបេះដូងមិនអាចច្របាច់ឈាមគ្រប់គ្រាន់ដើម្បីបញ្ជូនអុកស៊ីសែនទៅចិញ្ចឹមរាងកាយដែលបណ្តាលឱ្យយើង ហត់ ហើមជើង និងអស់កម្លាំងជាដើម ហើយប៉ះពាល់ដល់សុខភាពយើងយ៉ាងខ្លាំង។ យើងគួរធ្វើម៉េចដើម្បីបង្ការកុំឱ្យខ្សោយបេះដូង?
លោកស្រីវេជ្ជបណ្ឌិត Uzma Iqbal ឯកទេសជំងឺបេះដូងនៅ Sands-Constellation Center for Critical Care បានណែនាំថា ដើម្បីបញ្ជៀសជំងឺខ្សោយបេះដូង យើងគួរ៖

១. ញ៉ាំអាហារល្អចំពោះសុខភាព
យើងគួរកាត់បន្ថយការញុំាសាច់ និងអាហារដែលមានជាតិខ្លាញ់ និងប្រៃខ្លាំង ហើយត្រូវញុំាបន្លែ និងផ្លែឈើស្រស់ឱ្យបានច្រើន។

២. កាត់បន្ថយគ្រឿងស្រវឹង
ការញុំាគ្រឿងស្រវឹងច្រើនអាចបង្កើនហានិភ័យកើតជំងឺខ្សោយបេះដូង និងខូចថ្លើម ដូច្នេះយើងគួរកាត់បន្ថយ ឬចៀសវាងញុំាគ្រឿងស្រវឹងតាមដែលអាចធ្វើទៅបាន។

៣. ចៀសវាងជក់បារី
អ្នកជក់បារីមានហានិភ័យខ្ពស់ក្នុងការកើតជំងឺខ្សោយបេះដូង និងជំងឺបេះដូងផ្សេងៗទៀត ព្រោះសារធាតុពុលក្នុងបារីធ្វើឱ្យសរសៃឈាមបេះដូងយើងស្ទះ និងឡើងរឹង។

៤. គ្រប់គ្រងទម្ងន់
ភាពធាត់ជះឥទ្ធិពលយ៉ាងខ្លាំងដល់សុខភាពទូទៅរបស់យើង និងបណ្តាលឱ្យយើងមានជំងឺជាច្រើនដូចជា ជំងឺទឹកនោមផ្អែម ឬលើសសម្ពាធឈាមដែលបង្កើនហានិភ័យឱ្យយើងកើតជំងឺខ្សោយបេះដូង។

៥. ហាត់ប្រាណ
ការហាត់ប្រាណជួយឱ្យយើងមានសុខភាពល្អ ដូច្នេះយើងគួរហាត់ប្រាណរយៈពេល ៣០ ទៅ ៦០ នាទីជារៀងរាល់ថ្ងៃដើម្បីទទួលបានប្រសិទ្ធភាពខ្ពស់។
នៅពេលយើងហាត់ប្រាណទៀងទាត់ សាច់ដុំបេះដូងយើងខ្លាំងជាងមុន ហើយចលនាឈាមរត់របស់យើងក៏ប្រសើរជាងមុនដែរ។ លើសពីនេះទៅទៀត ការហាត់ប្រាណអាចជួយបញ្ចុះសម្ពាធឈាម និងជួយឱ្យយើងស្រកទម្ងន់។

៦. កាត់បន្ថយស្រេស្ត
រឿងជាច្រើនក្នុងជីរភាពប្រចាំថ្ងៃដូចជា សម្ពាធការងារ ទំនាក់ទំនងប្តីប្រពន្ធ ការមើលថែទាំកូន វិបត្តិហិរញ្ញវត្ថុ ភាពនឿយហត់ជាដើមសុទ្ធតែអាចធ្វើឱ្យយើងស្រេស្ត។
ស្រេស្តមិនត្រឹមតែប៉ះពាល់ដល់សុខភាពផ្លូវចិត្ត និងផ្លូវកាយរបស់យើងទេ ថែមទាំងប៉ះពាល់ដល់សុខភាពបេះដូងយើងទៀតផង។ យើងអាចកាត់បន្ថយស្រេស្តតាមរយៈការហាត់យូហ្កា ធ្វើសមាធិ ស្តាប់តន្រ្តី ឬដើរកំសាន្តជាដើម។

ជំងឺខ្សោយបេះដូងអាចធ្វើឱ្យយើងមានផលវិបាកសុខភាពជាច្រើន ដូច្នេះយើងគួរផ្លាស់ប្តូររបៀបរស់នៅ និងរបបអាហារដើម្បីបង្ការកុំឱ្យកើតជំងឺខ្សោយបេះដូង។

ប្រភព៖ Hello Krupet

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង