សិង្ហបុរី៖ ប្រទេសសិង្ហបុរី បានចាប់ផ្តើមទទួលថាមពលអគ្គិសនីពីប្រទេសឡាវ ដោយខ្សែឆ្លងកាត់ប្រទេសថៃ និងម៉ាឡេស៊ី កាលពីថ្ងៃព្រហស្បតិ៍ ដែលជាការនាំចូលអគ្គិសនីកកើតឡើងវិញជាលើកដំបូងរបស់សិង្ហបុរី ដើម្បីបំពេញតាមគោលដៅបម្រែបម្រួលអាកាសធាតុ។
អាជ្ញាធរទីផ្សារថាមពល បាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា ប្រទេសសិង្ហបុរី កំពុងទទួលបានថាមពលរហូតដល់ ១០០ មេហ្គាវ៉ាត់ ឬជាង ១% នៃតម្រូវការ។ ប្រទេសសិង្ហបុរី គ្រោងនាំចូលរហូតដល់ ៤ពាន់មេហ្គាវ៉ាត់នៅឆ្នាំ ២០៣៥ ឬប្រហែល ៣០% នៃតម្រូវការរបស់ខ្លួន។
អគ្គិសនីទាំងនេះ ត្រូវបានបង្កើតឡើងដោយទំនប់វារីអគ្គិសនីនៅក្នុងប្រទេសឡាវ និងបញ្ជូនតាមបណ្តាញតភ្ជាប់ដែលមានស្រាប់នៅទូទាំងប្រទេសថៃ និង ម៉ាឡេស៊ី។
សម្រាប់ប្រទេសឡាវ ការលក់ថាមពល កើតឡើងនៅពេលដែលប្រទេសនេះប្រឈមមុខនឹងការថយចុះទុនបម្រុង និងអតិផរណា ដែលកំពុងកើនឡើង។ កិច្ចព្រមព្រៀងនេះ ក៏ជួយសិង្ហបុរី ទទួលបានថាមពលស្អាតតាមរយៈការតភ្ជាប់របស់ខ្លួនជាមួយម៉ាឡេស៊ី បន្ទាប់ពីប្រទេសនេះ បានហាមឃាត់ការនាំចេញថាមពលកកើតឡើងវិញកាលពីឆ្នាំមុន៕