×

ប្រែប្រួល​អាកាសធាតុ បង្កឱ្យ​បឹងដ៏ធំ​ខួបប្រាំង-វស្សា​នៅ​អាមេរិក រីងស្ងួត​ដល់​ចំណុចទាប​បំផុត

អាមេរិក៖ បឹងមួយនៅសហរដ្ឋអាមេរិកមានឈ្មោះថា Mead ជាបឹងស្តុកទឹកដ៏ធំបំផុត ស្ថិតនៅតាមដងទន្លេ Colorado ភាគខាងកើតទីក្រុង Las Vegas សហរដ្ឋអាមេរិក កំពុងប្រឈមនឹងភាពរីងស្ងួតយ៉ាងឆាប់រហ័ស ក្រោយកើតមានកត្តាបម្រែបម្រួលអាកាសធាតុជាសាកល។ នៅថ្ងៃពុធ សប្តាហ៍នេះ បឹង Mead ស្ថិតក្នុងកំណត់ត្រានៃកម្រិតទឹកដែលតិចបំផុត ចាប់តាំងពីបឹងស្តុកទឹកត្រូវបានបំពេញ កាលពីអំឡុងទសវត្សរ៍ឆ្នាំ ១៩៣០។

ក្រុមអ្នកស្រាវជ្រាវ បានលើកឡើងថា ប្រជាជនរាប់លាននាក់ នឹងរងផលប៉ះពាល់នៅក្នុងរយៈពេលប៉ុន្មានឆ្នាំ ឬប៉ុន្មានទសវត្សរ៍ខាងមុខ ដោយសារតែទឹកនៅតាមដងទន្លេ Colorado ចាប់ផ្តើមរីងស្ងួតជាលើកដំបូងមិនធ្លាប់មាន។

យោងតាមទិន្នន័យដែលចេញផ្សាយដោយការិយាល័យឈ្មោះ (US Bureau of Reclamation) បញ្ជាក់ថា មួយរយៈចុងក្រោយនេះ ទឹកបឹង Mead បានស្រកចុះប្រមាណជា ៤៣,៥៨ម៉ែត្រ ធៀបនឹងជម្រៅសរុប ១៦២ ម៉ែត្រ របស់បឹងនេះ ។ ខណៈកម្ពស់ ៣៧៥ម៉ែត្រ ខ្ពស់ជាងនីវ៉ូទឹកសមុទ្រ ស្រកមកនៅសល់ត្រឹម ៣២៦,៣ ម៉ែត្រ តែប៉ុណ្ណោះ។ គេព្យាករថា កម្រិតនៃទឹកបឹងនេះអាចនឹងបន្តធ្លាក់ចុះរយៈពេលច្រើនឆ្នំាបន្តទៀត។

តាមសេចក្តីរាយការណ៍បានឱ្យដឹងបន្ថែមទៀតថា មានប្រជាជនច្រើនជាង ២៥លាននាក់ ជាចំនួនមួយដ៏ច្រើនជាងប្រជាជនក្នុងរដ្ឋ Florida ដែលពួកគេកំពុងតែអាស្រ័យផលលើបឹង Mead នេះ។ សហគមន៍កសិកម្ម ទទួលរងផលប៉ះពាល់ខ្លាំងបំផុតក្នុងគ្រោះរាំងស្ងួតនេះ ក្នុងចំណោមជនរងគ្រោះផ្សេងៗទៀត ជាពិសេសអ្នករស់នៅកណ្តាលរដ្ឋអារីហ្សូណាតែម្តង។

តួលេខ៩០ភាគរយនៃទឹកដែលកំពុងតែប្រើប្រាស់ក្នុងទីក្រុង Las Vegas គឺមានប្រភពចេញមកពីបឹង Mead។ ដោយសារតែប្រជាជន មិនអាចទាញទឹកយកមកប្រើប្រាស់បន្តបាន កាលពីឆ្នាំ ២០១៥ ទីក្រុងបានសាងសង់ច្រកមួយទៀត ឈ្មោះ (third straw) ក្នុងរយៈចម្ងាយប្រមាណជាជិត ៥គីឡូម៉ែត្រ ដើម្បីអាចទាញទឹកពីបាតបឹងបាន។ ទំនប់វារីអគ្គិសនី Hoover Dam ដែលសង់ឡើងក្នុងឆ្នាំ ១៩៣០ ធ្លាប់ផលិតបានថាមពលអគ្គិសនីប្រមាណជា ២០០០ ម៉េហ្កាវ៉ាត់ សម្រាប់ប្រជាជនអាមេរិក ៨លាននាក់ ក្នុងរដ្ឋ Nevada រដ្ឋ Arizona និង California បានធ្លាក់ចុះការផលិតរហូតដល់ ២៥ភាគរយដោយសារតែទឹកបឹង Mead ធ្លាក់ចុះដល់កម្រិតទាបបំផុត៕

 

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ CNN

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង