×

រូបភាព​ស្និទ្ធស្នាលគ្នា​របស់ Selena Gomez និង Hailey Bieber កំពុង​វាយលុក​បណ្តាញសង្គម​លើសពី​ការរំពឹងទុក

កម្សាន្ត៖ គ្រប់គ្នាសុទ្ធតែដឹងហើយថា តារាចម្រៀង Selena Gomez និង Justin Bieber គឺជាអតីតគូស្នេហ៍មួយដែលធ្វើឱ្យអ្នកគាំទ្រជាច្រើនមានការសោកស្តាយចំពោះការបែកបាក់នៃទំនាក់ទំនងរបស់ពួកគេជាខ្លាំង។ បន្ទាប់ពីចែកផ្លូវគ្នាមិនបានប៉ុន្មានខែផង Justin ក៏បានប្រកាសរៀបការជាមួយនឹងតារាបង្ហាញម៉ូត Hailey ភ្លាម ជាហេតុធ្វើឱ្យមហាជននាំគ្នាចោទប្រកាន់ថា Hailey គឺជាជនទី៣បំបែកបំបាក់ស្នេហ៍រវាង Selena និង Justin។

បើទោះជាគ្រប់យ៉ាងបានក្លាយជាអតីតកាលក៏ពិតមែន ប៉ុន្តែអ្នកគាំទ្ររបស់ Selena ហាក់នៅតែតោងទាម Hailey មិនព្រមលែងដោយតាមចាប់កំហុសនាងគ្រប់ពេលបើទោះជា Selena ព្យាយាមពន្យល់យ៉ាងណាក៏ដោយ។ រហូតមកដល់ថ្ងៃទី១៧ ខែតុលា រូបភាពប៉ុន្មានសន្លឹករបស់ Selena និង Hailey ក្នុងកម្មវិធី Academy Museum Gala នៅ Los Angeles សហរដ្ឋអាមេរិក ហាក់ធ្វើឱ្យគ្រប់គ្នាស្រឡាំងកាំងដោយសារភាពស្និទ្ធស្នាលរបស់អ្នកទាំង២ក្នុងកម្មវិធីនោះ។

រូបភាពដែល Selena និង Hailey បង្ហាញភាពស្និទ្ធស្នាលចំពោះគ្នាទាំងប៉ុន្មានប្រៀបបីចង់បញ្ជាក់ប្រាប់គ្រប់គ្នាឱ្យដឹងថា បើទោះជាម្នាក់ជាអតីតគូស្នេហ៍ រីឯម្នាក់ទៀតជាភរិយាពេលបច្ចុប្បន្នក៏មិនមែនជាបញ្ហាដែលធ្វើឱ្យទំនាក់ទំនងក្នុងនាមជាអ្នកសិល្បៈដូចគ្នាល្អក់កករដែរ។ គួរបញ្ជាក់ដែរថា មកទល់ពេលនេះរូបភាពរបស់ Selena និង Hailey កំពុងវាយលុកបណ្តាញសង្គមខ្លាំងដែលអ្នកគាំទ្រទូទាំងពិភពលោកកំពុងនាំគ្នាជជែកផងដែរ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង