×

ក្រោយបង្កគ្រោះថ្នាក់ចរាចរណ៍យប់មិញរួច មេតុងទីន និងជាអ្នកលក់អនឡាញ ម៉ូលីកា បានឱ្យដឹងថា នាងមិនអីទេ គ្រាន់តែរបួសដៃឆ្វេងបន្តិច

ភ្នំពេញ៖ កាលពីអាធ្រាតឈានចូលថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង ១២:២៥ នាទី អ្នកលក់អនឡាញល្បីឈ្មោះដែលត្រូវបានមហាជនជាច្រើនស្គាល់ឈ្មោះ ម៉ូលីកា បានជិះរថយន្តទំនើប BMW i8 គ្មានស្លាកលេខ ល្មើសស្តុបក្រហមក្នុងល្បឿនយ៉ាងលឿនទៅបុករថយន្ត ហាយលែនឌើរ ពាក់ស្លាកលេខ ភ្នំពេញ 2AJ-1503 បណ្តាលឱ្យខូចខាតទាំងសងខាងនៅចំនុចស្តុបទេពផន ស្ថិតក្នុងសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ដោយសារគ្រោះថ្នាក់ចរាចរណ៍នេះគ្មានអ្នករងរបួស ទើបក្រោយកើតហេតុសមត្ថកិច្ចជំនាញបានធ្វើការចុះវាស់វែង និងបានប្រគល់រថយន្តឱ្យភាគីទាំងសងខាង ធ្វើការដោះស្រាយគ្នា និងបានបញ្ចប់រឿងនៅកន្លែងកើតហេតុផងដែរ។

ទោះជាយ៉ាងណា មេតុងទីន និងជាអ្នកលក់អនឡាញរូបនេះត្រូវបានមហាជនរិះគន់មិនសំចៃមាត់ថា មិនគោរពច្បាប់ចរាចរណ៍ ប្រសិនជាប៉ះចំអ្នកជិះម៉ូតូ ឬ អ្នកធ្វើដំណើរថ្មើរជើងប្រាកដជាបន្សល់នូវវិប្បដិសារីមិនខាន។

គួរបញ្ជាក់ដែរថា បន្ទាប់ពីបានដោះស្រាយបញ្ហាចប់ ម៉ូលីកា បានផុសនៅបណ្តាញសង្គមថា “ខ្ញុំអត់អីទេបងប្អូន អរគុណសម្រាប់ការបារម្ភឆាតមកសួរសុខទុក្ខគ្រប់គ្នា” រីឯការផុសមួយទៀតនាងបានឱ្យដឹងថា “យប់មិញខ្ញុំជិះម្នាក់ឯង ប៉ះដៃឆ្វេងតិច លូវឈឺពេញខ្លួនហ្មង”។ គ្រាន់តែចែករំលែកឃ្លាទាំងនេះរួច អ្នកនិយមលេងបណ្តាញសង្គមជាច្រើនបាននាំគ្នាចូល Comments ចោទជាសំនួរថាហេតុអ្វីនាងបុកគេហើយរត់?

បើទោះជាបញ្ហាបានដោះស្រាយរួចរាល់ក៏ពិតមែន ប៉ុន្តែអ្នកលក់អនឡាញរូបនេះត្រូវបានមហាជននៅតែបន្តរិះគន់នាងជាបន្តបន្ទាប់ផងដែរ៕

  

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង