ការកសាងគ្រឹះដ៏រឹងមាំនៅពេលដែលកូននៅវ័យក្មេង អាចជួយត្រួសត្រាយផ្លូវសម្រាប់អនាគតដ៏ប្រសើរសម្រាប់កូន។ ពិតណាស់ ដើម្បីពង្រឹងមូលដ្ឋានគ្រឹះនេះ ការអភិវឌ្ឍជំនាញយល់ដឹងមានសារៈសំខាន់ណាស់ ហេតុនេះហើយ ប៉ាម៉ាក់គួរបញ្ចូលសកម្មភាពមួយចំនួន ដែលជួយឱ្យក្មេងទទួលបានបទពិសោធន៍ជាក់ស្តែង ដូចជាលើកទឹកចិត្តឱ្យកូនចូលរួមក្នុងសកម្មភាពសប្បាយៗដែលផ្ដោតទៅលើការចងចាំ ការយកចិត្តទុកដាក់ និងការផ្ចង់អារម្មណ៍ជាដើម។
ខាងក្រោមនេះគឺជាសកម្មភាពមួយចំនួនជួយដល់ការអភិវឌ្ឍជំនាញយល់ដឹងរបស់ក្មេង៖
១. តម្រៀបអក្សរ
ការរៀនអាន និងចងចាំអក្សរជាវិធីសាស្ត្រដ៏ល្អបំផុតដែលជួយអភិវឌ្ឍជំនាញយល់ដឹងរបស់កូន។ ប៉ាម៉ាក់ អាចជួយបង្រៀនកូនឱ្យស្គាល់អក្សរ ដោយការស្តាប់ចំរៀង មើលសៀវភៅ ឬលេងល្បែងផ្គុំអក្សរ។
២. រៀនចំណាំរូបរាង និងពណ៌
ជាមួយគ្នានេះដែរ ប៉ាម៉ាក់ក៏អាចជួយបង្រៀនកូនឱ្យស្គាល់ពីពណ៌ និងរូបរាងរបស់វត្ថុអ្វីមួយ នៅពេលដែលលេងជាមួយនឹងកូន ដូចជាឱ្យកូនប្រាប់ពណ៌ និងរូបរាងរបស់បាល់ ឬផ្លែក្រូច។ សកម្មភាពតូចតាចទាំងនេះ អាចជួយឱ្យក្មេងស្គាល់ពីរូបរាង និងពណ៌ជាក់លាក់របស់វត្ថុផ្សេងៗបាន។
៣. ហ្គេម
ការលេងហ្គេម អាចពង្រឹងសមត្ថភាពក្នុងការដោះស្រាយបញ្ហា បង្កើនភាពច្នៃប្រឌិត ហើយក៏ជាកត្តាចម្បងក្នុងការអភិវឌ្ឍជំនាញយល់ដឹង។ ប្រភេទនៃហ្គេម អាចមានភាពខុសៗគ្នាអាស្រ័យទៅតាមវ័យ។ សម្រាប់ក្មេងតូចៗ ប៉ាម៉ាក់គួរស្វែងរកហ្គេមណាដែលទាក់ទងទៅនឹងរូបរាង និងពណ៌ ហើយសម្រាប់ក្មេងដែលមានអាយុចាប់ពី៥ឆ្នាំឡើងទៅ យើងគួរតែឱ្យកូនលេងហ្គេមផ្គុំរូបភាព។
៤. សួរសំណួរ
ចំណែកឯការសួរសំណួរទាក់ទងទៅនឹងតថភាពជាក់ស្តែង អាចជួយអភិវឌ្ឍជំនាញដោះស្រាយបញ្ហា និងបង្កើនភាពច្នៃប្រឌិតដល់កូនបាន។ សំណួរទាំងនេះ ក៏អាចជួយឱ្យក្មេងចេះវិភាគពីបញ្ហា និងចេះ
ត្រិះរិះពិចារណាថែមទៀតផង។
៥. នាំកូនដើរលេងកម្សាន្ត
ការទៅកម្សាន្តនៅកន្លែងគួរឱ្យទាក់ទាញដូចជា សារមន្ទីរ បណ្ណាល័យ មានឥទ្ធិពលដ៏អស្ចារ្យទៅលើជំនាញយល់ដឹងរបស់ក្មេង។ កន្លែងប្រភេទនេះ អាចជួយឱ្យក្មេងយល់ដឹងពីរឿងរ៉ាវផ្សេងៗ ដែលជួយដល់ការរីកចម្រើនផ្នែកបញ្ញាស្មារតីរបស់កូន៕
ប្រភព៖ Hellokrupet