ស៊ុយអែត៖ Karolina Olsson គឺជាស្ត្រីជនជាតិស៊ុយអែតដែលបានធ្វើឱ្យគ្រប់គ្នាមានចម្ងល់ជាខ្លាំងទៅលើអាការចម្លែកដែលនាងបានគេងលង់លក់អស់រយៈពេល ៣២ឆ្នាំ។ ដោយសារតែជីវភាពគ្រួសារក្រីក្រមិនមានលទ្ធភាពផ្គត់ផ្គង់ថ្លៃពេទ្យ អ្នកជិតខាងរបស់ Karolina ក៏បានជួយចេញថ្លៃពេទ្យឱ្យនាងដើម្បីសិក្សាពីជំងឺចម្លែករបស់នាង។
គ្រូពេទ្យជាច្រើនបានទៅពិនិត្យជំងឺរបស់ Karolina ដោយពួកគាត់បានសង្កេតឃើញថា ក្រចក និងសក់របស់នាងមិនឃើញដុះវែងឡើយថែមទាំងគីឡូរបស់នាងក៏មិនស្រកដែរបើទោះជាសរីរាង្គរបស់នាងទទួលតែទឹកដោះគោ ២កែវក្នុងមួយថ្ងៃ។
ក្នុងឆ្នាំ ១៨៨២ គឺជាឆ្នាំទី៦ ដែល Karolina បានគេងស្តូកស្តឹង ពេលនោះឪពុកម្តាយរបស់នាងបានបញ្ជូននាងទៅទីក្រុង Oskarshamn ដោយគ្រូពេទ្យបានណែនាំឱ្យព្យាបាលដោយប្រើឧបរកណ៍ Electroshock ដើម្បីឱ្យនាងដឹងខ្លួន ប៉ុន្តែរយៈពេល ១ខែបន្ទាប់ពីមិនឃើញស្ថានភាពប្រែប្រួលអ្វីទើបឪពុកម្តាយនាងបាននាំនាងត្រលប់មកផ្ទះវិញ។
ក្រុមអ្នកស្រាវជ្រាវជាច្រើនបាននាំគ្នាសិក្សាពីស្ថានភាពខុសប្រក្រតីរបស់ Karolina ដោយកាលណោះមានទ្រឹស្តីជាច្រើនបាននាំគ្នាលើកឡើង ប៉ុន្តែទ្រឹស្តីមួយដែលទទួលបានការពេញនិយមជាងគេនោះគឺការគេងលង់លក់រយៈពេលវែងរបស់នាងដោយសារប្រព័ន្ធប្រសាទមិនដំណើរការ និងជាស្ថានភាពដែលកំណត់ដោយរយៈពេលនៃការមិនអាចចល័តបាន និងសន្លប់។
ទោះបីជាមានការជជែកវែកញែកពីហេតុផលដែលធ្វើឱ្យ Karolin គេងលង់លក់រយៈពេលវែងបែបនេះយ៉ាងណាក៏ដោយ ក៏គ្មានចម្លើយជាក់លាក់ណាមួយអាចបញ្ជាក់ច្បាស់ពីស្ថានភាពជំងឺរបស់នាងបានដែរ។ ចំណុចដែលរឹតតែអាថ៌កំបាំងជាងនេះទៀតនោះ នៅពេលដែលប្អូនប្រុសរបស់នាងស្លាប់នាងបានស្រក់ទឹកភ្នែក ប៉ុន្តែមិនមានសញ្ញាណាមួយបង្ហាញឱ្យឃើញថានាងមានសកម្មភាពដឹងខ្លួននោះឡើយ។
ចូលដល់ឆ្នាំ ១៩០៤ ម្តាយរបស់នាងក៏បានស្លាប់ ដែលបន្ទុកនៃការមើលថែនាងត្រូវជួលអ្នកដទៃឱ្យមកមើលថែជំនួស។ ទីបំផុតនៅថ្ងៃទី១៤ ខែមេសា ឆ្នាំ១៩០៨ Karolin បានដឹងខ្លួនជាស្ថាពរដោយអ្នកមើលថែនាងបានឃើញនាងដេកននាលយំលើឥដ្ឋដែលពេលនោះនាងបានមានវ័យ ៤៦ឆ្នាំទៅហើយ ប៉ុន្តែបើក្រលេកមើលសាច់ឈាមរបស់នាងហាក់ក្មេងជាងវ័យប្រៀបដូចមនុស្សអាយុចន្លោះ ២០-៣០ឆ្នាំអ៊ីចឹង។
បន្ទាប់ពីដឹងខ្លួនភ្លាម មនុស្សជាច្រើនជាពិសេសក្រុមពេទ្យ និងអ្នកសារព័ត៌មានបានទៅដល់ផ្ទះនាងដើម្បីចង់ដឹងព័ត៌មានរយៈពេល ៣២ឆ្នាំដែលនាងបានគេងលង់លក់ ប៉ុន្តែតាមការឱ្យដឹងនាងមិនចងចាំរឿងរ៉ាវអំលុងពេល ៣២ឆ្នាំដែលនាងបានគេងឡើយ ពោលគឺនាងចងចាំតែរឿងរ៉ាវមុនពេលនាងគេងប៉ុណ្ណោះ។
គួរបញ្ជាក់ដែរថា ករណីរបស់ Karolina ត្រូវបានមនុស្សជាច្រើនជឿថាជារឿងប្រឌិតដែលគ្រួសាររបស់នាងបង្កើតឡើងដើម្បីទាមទារការចាប់អារម្មណ៍ប៉ុណ្ណោះដោយពួកគេមិនជឿថា នាងអាចរស់បានដោយពឹងផ្អែកតែទឹកដោះគោ និងអាចរស់នៅយ៉ាងប្រក្រតីបានឡើយ៕