

ក្រៅពីហ្សែនពីឪពុកម្តាយហើយរបបអាហារ និងរបៀបរស់នៅមានឥទ្ធិពលផ្ទាល់ដល់ការលូតកម្ពស់របស់កូន។ បើក្នុងវ័យកំពុងលូតលាស់ កូនមិនបានទទួលសារជាតិចិញ្ចឹមគ្រប់គ្រាន់ពីក្នុងរបបអាហារទេនោះកម្ពស់របស់កូនក៏មិនលូតលាស់ល្អដូចគ្នា។ ហេតុនេះហើយ ប៉ាម៉ាក់គួរបញ្ចូលអាហារល្អៗដែលជួយដល់ការលូតកម្ពស់ឱ្យកូនញ៉ាំជាទៀងទាត់។
១. កាល់ស្យូម
កាល់ស្យូមគឺជាសារធាតុរ៉ែសំខាន់បំផុតជួយឱ្យរាងកាយកូនលូតកម្ពស់បានល្អ ព្រោះជួយឱ្យឆ្អឹងខ្ចីឆាប់ដុះ និងជួយឱ្យឆ្អឹងរឹងមាំ។ អាហារសម្បូរកាល់ស្យូមរួមមាន ទឹកដោះគោ ផលិតផលទឹកដោះ បន្លែបៃតង និងផ្លែក្រូចជាដើម។
២. វីតាមីនD
វីតាមីន Dជួយឱ្យរាងកាយកូនស្រូបកាល់ស្យូមបានល្អ ហើយមានក្នុងអាហារដូចជា ផ្សិត ស៊ុតក្រហម សណ្តែកសៀង និងត្រីសាល់ម៉ុន។ ក្រៅពីរបបអាហារ ការឱ្យកូនហាលថ្ងៃពេលព្រឹកម៉ោង៧ រយៈពេល ១០ ទៅ ១៥ នាទីក៏ជួយឱ្យរាងកាយកូនទទួលបានវីតាមីន D ដែរ។
៣. វីតាមីន B
វីតាមីន B មាននាទីជួយដល់មុខងារសរសៃប្រសាទនិងបេះដូងដែលជួយដល់ការផ្គត់ផ្គង់ឈាមទៅចិញ្ចឹមសរីរាង្គផ្សេងៗបានគ្រប់គ្រាន់។ លើសពីនេះទៅទៀត វីតាមីន B ជួយឱ្យប្រព័ន្ធរំលាយអាហារដំណើរការបានល្អ និងជួយកូនឱ្យចង់ញុំាអាហារ។ អាហារផ្ទុកវីតាមីន B ខ្ពស់រួមមាន អង្ករសំរូប សាច់មាន់ សាច់ជ្រូក ផ្លែចេក ផ្លែបឺរ និងផ្កាខាត់ណាខៀវ។
៤. ប្រូតេអ៊ីន
ប្រូតេអ៊ីនមានឥទ្ធិពលដោយផ្ទាល់លើ IGF-1 ដែលជាអ័រម៉ូនទទួលខុសត្រូវក្នុងការគ្រប់គ្រងការលូតលាស់របស់កុមារ។ ជាងនេះទៅទៀត ប្រូតេអ៊ីនជួយឱ្យសាច់ដុំកូនលូតលាស់បានល្អ ដូចនេះ កង្វះប្រូតេអ៊ីនអាចបណ្តាលឱ្យកូនលូតលាស់យឺត ឬទៅជាក្រិន។ សណ្តែក គ្រាប់ផ្លែឈើ សាច់សុទ្ធ ត្រី គ្រឿងសមុទ្រ និងស៊ុតជាដើម សុទ្ធតែជាអាហារសម្បូរប្រូតេអ៊ីន។
៥. កាបូអ៊ីដ្រាត
កាបូអ៊ីដ្រាតជាប្រភេទអាហារផ្តល់ថាមពល និងជួយឱ្យរាងកាយកូនលូតលាស់បានល្អ។ រាងកាយកូនបំបែកកាបូអ៊ីដ្រទៅជាគ្លុយកូស ហើយបញ្ចូនទៅក្នុងចរន្តឈាមដើម្បីប្រើប្រាស់ជាថាមពល។ អាហារផ្តល់ថាមពលល្អៗសម្រាប់កូនមានដូចជា គ្រាប់ធញ្ញជាតិ អង្ករសំរូប ពោត សណ្តែក ដំឡូងជ្វា ផ្លែចេក ប៉ោម និងស្វាយ។ ក្រៅពីរបបអាហារការគេងគ្រប់គ្រាន់ និងលេងកីឡាក៏រួមចំណែកជួយឱ្យកូនជាទីស្រឡាញ់លូតកម្ពស់បានល្អដែរ៕
ប្រភព៖ Hellokrupet