ភ្នំពេញ៖ យោងតាមសេចក្តីប្រកាសរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ដោយសារត្រីពីវ៉ាន់ញ៉ា ដែលជាប្រភេទត្រីស៊ីសាច់ជាអាហារបាននាំចូលមកកម្ពុជាត្រូវបានរដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះត្រួតពិនិត្យ និងអនុវត្តច្បាប់ដល់ទីកន្លែងលក់តាំងពីថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៣មកម្ល៉េះ។
ក្នុងនោះម្ចាស់អាជីវកម្មបានធ្វើកិច្ចសន្យាឈប់នាំចូល និងបានឯកភាពបំផ្លាញចោលត្រីពីវ៉ាន់ញ៉ា រួចរាល់ផងដែរ។ ពាក់ព័ន្ធការនាំចូលត្រីសាហាវខាងលើ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអំពាវនាវដល់សាធារណជន ព្រមទាំងអាជីវករទាំងអស់មិនត្រូវនាំចូលប្រភេទត្រីពីវ៉ាន់ញ៉ា ឬប្រភេទត្រីផ្សេងទៀតដែលអាចនាំឱ្យមានផលប៉ះពាល់ដល់ប្រភេទត្រីធម្មជាតិ ក៏ដូចជាមនុស្ស សត្វ និងបរិស្ថាននោះឡើយ។
ចំពោះការប្រទះអំពីការនាំចូលប្រភេទត្រីពីវ៉ាន់ញ៉ា ឬ ប្រភេទត្រីកាចសាហាវផ្សេងទៀតយកមកចិញ្ចឹម ឬចិញ្ចឹមលម្អ ក្រសួងអំពាវនាវធ្វើការរាយការណ៍ដល់សមត្ថកិច្ចជំនាញជលផលដើម្បីចាត់វិធានការសមស្រប។ រីឯអ្នកដែលកំពុងចិញ្ចឹមប្រភេទត្រីទាំងនេះ ខាងក្រសួងសុំកុំឱ្យលែងចូលធម្មជាតិ តែត្រូវប្រគល់ឱ្យរដ្ឋបាលជលផលជាកំហិត៕